(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ថា លោក William A. Heidt អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានប្រាប់រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាថា សហរដ្ឋអាមេរិក ពុំមានការពាក់ព័ន្ធទៅនឹងគម្រោងធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅ នៅក្នុងប្រទេសកម្ពុជានោះទេ។
ការលើកឡើងរបស់ លោក ជុំ សុន្ទរី បានធ្វើឡើងក្រោយបញ្ចប់ជំនួបរវាង លោក William A. Heidt អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា នៅទីស្តីការក្រសួងការបរទេស នៅព្រឹកមិញនេះ។
លោក ជុំ សុន្ទរី បានលើកឡើងថា «ឯកឧត្តមអគ្គរដ្ឋទូត (អាមេរិក) បានបដិសេធដាច់ខាត គឺអាមេរិកអត់បានអំពាវនាវ ឱ្យធ្វើយុទ្ធនាការស្លៀកពាក់ពណ៌ខ្មៅ នៅរៀងរាល់ថ្ងៃចន្ទនោះទេ»។
លោក ជុំ សុន្ទរី បានបញ្ជាក់ថា លោកអគ្គរដ្ឋទូតអាមេរិក បានអះអាងនៅចំពោះមុខលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ថាសហរដ្ឋអាមេរិកបានយល់យ៉ាងច្បាស់ថា អ្វីខ្លះដែលខ្លួនគួរធ្វើ អ្វីខ្លះដែលខ្លួនមិនគួរធ្វើ។
លោក William A. Heidt អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក ជាអ្នកគាំទ្រដល់សង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ហើយលោកបានទទួលស្គាល់ថា ស្ថានទូតអាមេរិកបានជួបជាមួយតំណាងសង្គមស៊ីវិល និងគ្រួសារ មន្រ្តីអង្គការអាដហុកដែលជាប់ឃុំមែន។
លោកថា «យើងបានជួយសង្គមស៊ីវិលឲ្យបម្រើការងារនៅទីនេះ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការអភិវឌ្ឍសេដ្ឋកិច្ច ហើយអ្វីដែលជាការពិតនោះ ភរិយារបស់ខ្ញុំបានកើតនិង ធំធាត់នៅស្រុកក្រគរខេត្តពោធិ៍សាត់ ដែលផ្ទះរបស់គាត់ស្ថិតនៅទឹកនោះ ហើយគាត់ជាអ្នកបម្រើការងារនៅ NGO មួយដើម្បីជួយយុវជនកម្ពុជា ឲ្យទៅសាលារៀន និងគេចចេញពីពលកម្មការងារ ដូច្នេះ NGO គឺជាសង្គមស៊ីវិលនៅកម្ពុជា ដែលបានជួយអ្វីល្អៗច្រើនយ៉ាងណាស់ក្នុងសង្គម ហេតុដូច្នេះទើបនិយាយពីដើមមកថា យើងគាំទ្រចំពោះសង្គមស៊ីវិល។ ខ្ញុំសង្ឃឹមថាពួកគេនឹងបន្ត ការងារបែបនេះទៀត ដោយក្នុងនោះ រួមមានទាំងបុគ្គលិកមួយក្រុមរបស់អង្គារ អាដហុក នោះផងដែរ»។
សូមបញ្ជាក់ថា នាថ្មីៗនេះ សារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយអំពីទស្សនៈមួយ ដែលបានលើកឡើងថា យុទ្ធនាការស្លៀកពាក់ដែលបង្កើតឡើង ដោយក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លីមួយចំនួន ដើម្បីឱ្យដោះលែង មន្រ្តីអាដហុក៤រូប និងអគ្គលេខាធិការរង គ.ជ.ប នោះ បានធ្វើឡើងបន្ទាប់ពីពួកគេ បានជួបជាមួយអគ្គរដ្ឋទូតអាមេរិក។ ទស្សនៈមួយចំនួនបានយល់ថា គម្រោងធ្វើយុទ្ធនាការ ថ្ងៃចន្ទពណ៌ខ្មៅ កាលពីថ្ងៃចន្ទនោះ ទំនងជាមានការជំរុញដោយស្ថានទូតអាមេរិក។
សូមបញ្ជាក់ថា នាថ្មីៗនេះ សារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយអំពីទស្សនៈមួយ ដែលបានលើកឡើងថា យុទ្ធនាការស្លៀកពាក់ដែលបង្កើតឡើង ដោយក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លីមួយចំនួន ដើម្បីឱ្យដោះលែង មន្រ្តីអាដហុក៤រូប និងអគ្គលេខាធិការរង គ.ជ.ប នោះ បានធ្វើឡើងបន្ទាប់ពីពួកគេ បានជួបជាមួយអគ្គរដ្ឋទូតអាមេរិក។ ទស្សនៈមួយចំនួនបានយល់ថា គម្រោងធ្វើយុទ្ធនាការ ថ្ងៃចន្ទពណ៌ខ្មៅ កាលពីថ្ងៃចន្ទនោះ ទំនងជាមានការជំរុញដោយស្ថានទូតអាមេរិក៕