(កំពង់ឆ្នាំង)៖ លោកបណ្ឌិត សឹង សំណាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាលជាមួយបេក្ខភាពក្រុមប្រឹក្សាឃុំទាំង៩ នៅក្នុងស្រុកកំពង់លែង ដែលត្រូវបានជ្រើសតាំងសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥។
បេក្ខជនក្រុមប្រឹក្សាឃុំពេញសិទ្ធិ និងបម្រុងចំនួន ១១២នាក់ បានចូលរួមក្នុងកិច្ចសំណេះសំណាល ទទួលយកអនុសាសន៍នានា ដែលផ្តល់ជូនដោយលោកបណ្ឌិត សឹង សំណាង។
ក្នុងឱកាសនោះលោកបណ្ឌិត បានបកស្រាយពន្យល់ពីនិតិវិធីជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។ បន្ថែមពីលើនោះ លោកបណ្ឌិត បានក្រើនរំលឹកដល់បេក្ខភាពក្រុមប្រឹក្សាឃុំទាំងអស់ថា ពេលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ត្រូវចុះជួបប្រជាពលរដ្ឋ និងត្រូវយកចិត្តទុកដាក់លើសុខទុក្ខ និងក្តាប់ឱ្យបានពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
លោកបណ្ឌិត សឹង សំណាង បានដាស់តឿនទៀតថា ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិថ្មី ត្រូវប្រឹងប្រែងបម្រើសេវាជូនប្រជាពលរដ្ឋដោយស្មោះស្ម័គ្រ មិនគិតពីផលប្រយោជន៍បុគ្គល ត្រូវឈរលើទស្សនៈដឹកនាំឃុំ-សង្កាត់ ឱ្យបានទូលំទូលាយ ទើបអាចអភិវឌ្ឍន៍ប្រទេសរីកចម្រើនបានឆាប់រហ័ស៕