(កំពង់ឆ្នាំង)៖ លោកបណ្ឌិត សឹង សំណាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានណែនាំដល់សមាជិក សមាជិកាបក្ស ឱ្យបង្ហាញកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ លើការងារកសាង និងអភិវឌ្ឍន៍ជាតិឱ្យបានរីកចម្រើន។ ជាពិសេសភាពជោគជ័យរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការពារបានអាយុជីវិតប្រជាពលរដ្ឋ និងនាំមកនូវការរស់នៅជាប្រក្រតីភាពឡើងវិញ។

ការណែនាំរបស់លោកបណ្ឌិត សឹង សំណាង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណបក្សស្រុកកំពង់លែង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីរៀបចំដាក់ចេញនូវផែនការមួយចំនួនក្នុងការធ្វើសកម្មភាពរបស់សមាជិក សមាជិកាបក្សនៅក្នុងស្រុកកំពង់លែង ដើម្បីស្វែងរកគាំទ្ររបស់ប្រជាពលរដ្ឋចំពោះបេក្ខភាពក្រុមប្រឹក្សាឃុំរបស់គណបក្សប្រជាជនកម្ពុជា នៅទូទាំងស្រុកកំពង់លែង។

លោកបណ្ឌិត សឹង សំណាង បានណែនាំឱ្យសមាជិក សមាជិកាបក្សទាំងអស់ ត្រូវចុះទៅបង្ហាញប្រជាពលប្រជាពលរដ្ឋអំពីសមិទ្ធផលទាំងឡាយ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាសម្រេចបានជូនប្រជាពលរដ្ឋទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។

អ្វីដែលលោកបណ្ឌិត សឹង សំណាង ណែនាំឱ្យសមាជិក សមាជិកាលើកយកទៅពន្យល់ប្រជាពលរដ្ឋនោះ គឺការប្រឹងប្រែងក្នុងការថែរក្សាសុខសន្តិភាព ដែលជាតម្រូវការចាំបាច់ក្នុងជីវិតរស់នៅរបស់ប្រជាពលរដ្ឋ, ការកសាងនូវសមិទ្ធផលជាច្រើនមានដូចការប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នាល់ និងស្ពានយ៉ាងប្រទាក់ក្រឡាសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនកសិផល។ ប្រឹងប្រែងទាក់ទាញអ្នកវិនិយោគមកវិនិយោគនៅកម្ពុជា បង្កើតការងារជូនប្រជាពលរដ្ឋជាដើម។

សមិទ្ធផលដែលត្រូវតែបញ្ជ្រាបជាចាំបាច់ជូនប្រជាពលរដ្ឋនោះ គឺការគ្រប់គ្រងបានដោយជោគជ័យលើការរាតត្បាតជំងឺកូវីដ១៩។ សម្រាប់លោក សឹង សំណាង ជោគជ័យនេះ គឺជាជោគជ័យដ៏ធំធេងសម្រាប់កម្ពុជា។

លោកបានលើកឡើងថា «យើងត្រូវពន្យល់ប្រជាពលរដ្ឋឱ្យគាត់មើលឃើញពីភាពជោគជ័យមួយនេះ។ មានប្រទេសជាច្រើនមិនទាន់យកឈ្នះលើជំងឺនេះ ហើយជួបការលំបាកជាច្រើនសម្រាប់សេដ្ឋកិច្ចជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ តែយើងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា យើងបានយកឈ្នះជំងឺនេះ ការពារអាយុជីវិតប្រជាពលរដ្ឋយើង ហើយយើងបានបើកឱ្យពួកគាត់ដើរលេងកម្សាន្តយ៉ាងរីករាយនាពេលចូលឆ្នាំ។ ជោគជ័យលើជំងឺកូវីដ១៩ មិនអាចកើតមានឡើយ បើគ្មានការដឹកនាំដ៏ត្រឹមត្រូវ និងការប្រតិបត្តិដោយការយកចិត្តទុកដាក់ទេនោះ»

ទន្ទឹមនេះ លោកបណ្ឌិត សឹង សំណាង បានណែនាំដល់សមាជិក សមាជិកាបក្ស ដែលភាគច្រើនសុទ្ធសឹងជាអ្នកបម្រើនៅតាមមូលដ្ឋាននោះ ឱ្យខិតខំលុបបំបាត់ភាពអសកម្មនានា ដែលនាំឱ្យពលរដ្ឋមានអារម្មណ៍ថ្នាំងថ្នាក់ ហើយត្រូវចេះស្វែងយល់ពីសុខទុក្ខ និងស្តាប់ពីតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីធានាបាននូវដំណោះស្រាយសមស្រប និងទាន់ពេលវេលា៕