(អាមេរិក)៖ មន្ទីរបញ្ចកោណ បានបញ្ជូននាវាចម្បាំងមួយគ្រឿងទៅកាន់សមុទ្រចិនខាងត្បូង ជាទីកំពុងមានជម្លោះ ក្នុងប្រតិបត្តិការមួយដើម្បីប្រឆាំងការទាមទាររបស់ចិន ខណៈដែលទំនាក់ទំនងរវាងប្រទេសចិន និងអាមេរិក កំពុងតែកើតមានភាពរកាំរកុះ និងធំធាត់ឡើងនៅលើឆាកអន្តរជាតិ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Wall Street Journal ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា។
នេះជាលើកទី៣ហើយ នៅក្នុងរយៈពេលជិតមួយឆ្នាំ ដែលអាមេរិកបញ្ជូននាវាចម្បាំង ទៅកាន់សមុទ្រចិនខាងត្បូង ដែលជាកោះសិប្បនិម្មិត និងសាងសងឡើងដោយចិន។ អាមេរិក បានលើកឡើងថា ការបញ្ជូននាវាចម្បាំងរបស់ខ្លួនចូលទៅកាន់សមុទ្រចិនខាងត្បូងនេះ គឺជាសេរីភាពនៃការធ្វើនាវាចរណ៍របស់ខ្លួន ព្រោះសមុទ្រចិនខាងត្បូង ជាច្រកសមុទ្រអន្តរជាតិ ប៉ុន្តែចិនបានប្រតិកម្មថា នាវាពិឃាដ ដែលបំពាក់មីស៊ីល ឈ្មោះថា USS William P Lawrence បានចូលក្នុងដែនទឹករបស់ចិនដោយខុសច្បាប់ និងនៅជិតកោះសិប្បនិម្មិត ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន៕