(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា នៅពេលនេះសម្តេចបាននឹងកំពុងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជាវិលត្រឡប់ មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៉ីប៉ាស៉ីហ្វិក ប្រកបដោយជោគជ័យ កាលពីថ្ងៃទី២៣ មេសានៅទីក្រុងគូម៉ាម៉ូតុ ( Kumamoto) ប្រទេសជប៉ុន។

ជាមួយនឹងសារបញ្ជាក់ពីការវិលត្រឡប់មកកាន់កម្ពុជា សម្តេចនាយករដ្ឋមន្ត្រីក៏បានជូនពរដល់បងប្អូនខ្មែរ ជួបតែសេចក្តីសុខ សំណាងល្អ ជៀសផុតពីជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារក្នុង Facebook យ៉ាងដូច្នេះថា « នៅម៉ោង៨៖០០ព្រឹកនេះ ខ្ញុំនឹងដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជា វិលត្រឡប់ទៅកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៉ីប៉ាស៉ីហ្វិក ប្រកបដោយជោគជ័យកាលពីថ្ងៃទី២៣ មេសានៅទីក្រុងគូម៉ាម៉ូតុ ( Kumamoto) ប្រទេសជប៉ុន។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ សំណាងល្អនិងចៀសផុតពីជំងឺឆ្លងកូវីដ -១៩ និងបានសប្បាយរីករាយក្នុងថ្ងៃចុងសប្តាហ៍។សូមជូនរូបថតមួយសន្លឹកពីជប៉ុន»

សូមជម្រាបថា កាលពីព្រឹកថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ»