(តាកែវ)៖ ក្រុមហ៊ុន ហានស៊ីន (Hanshin) របស់កូរ៉េខាងត្បូង ដែលទទួលបានសិទ្ធិសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ត្រូវបានរកឃេីញថា សាងសង់ផ្លូវមិនមានគុណភាព និងមិនបានត្រឹមត្រូវទៅតាមកម្រិតបច្ចេកទេសនោះឡេីយ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២២ នេះ បានចុះពិនិត្យគុណភាពផ្លូវជាតិលេខ២ និងលេខ២២ ដោយបានអូសគ្រឿងចក្រសម្រាប់ពិនិត្យគ្រឹះ និងកំហាប់ផ្លូវទៅជាមួយផងដែរ។ ពេលចុះពិនិត្យនោះ លោកបានឱ្យការងារបច្ចេកទេសត្រួតពិនិត្យគ្រឹះ និងកំហាប់ផ្លូវជាច្រេីនកន្លែង ហេីយលទ្ធផលចេញមកនាំឱ្យមានការខកចិត្តជាខ្លាំង គឺគ្រឹះ និងកំហាប់ផ្លូវមិនត្រូវតាមបច្ចេកទេសនោះឡេីយ។
ដោយភាពមិនរីករាយចំពោះការសាងសង់មិនត្រឹមត្រូវតាមបច្ចេកទេសខ្វះគុណភាព ហេីយយឺតយ៉ាវផងនោះ លោកទេសរដ្ឋមន្ត្រី ក៏បានស្តីបន្ទោសខ្លាំងទៅកាន់មន្ត្រីក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យលក្ខណ:បច្ចេកទេស។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «យេីងខ្ញុំបានចុះវ៉ៃគ្រឹះសាកល្បងច្រេីនកន្លែងណាស់។ កន្លែងខ្លះក៏ជាប់ តែភាគច្រេីនធ្លាក់ទាំងអស់ក្រោមស្តង់ដាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន»។
លោកទេសរដ្ឋមន្ត្រី បានអះអាងថា លោកមិនអាចទទួលយកបាននូវការសាងសង់នេះឡេីយ។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ គម្រោងផ្លូវដែលមានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រនេះ គ្រោងបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំ២០២២នេះ ។ តែក្រុមហ៊ុនសាងសង់យឺតជាងការគ្រោងទុក ហេីយសុំពន្យារដល់ខែសីហា ឆ្នាំនេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មិនរំពឹងថា ផ្លូវនឹងសាងសង់បញ្ចប់នៅខែសីហា ខាងមុខនេះឡេីយ។ បេីតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ការសាងសង់យឺតនេះ ដោយសារក្រុមហ៊ុនសាងសង់មិនមានគ្រឿងចក្រ និងកម្លាំងពលកម្មគ្រប់គ្រាន់ មិនមែនបណ្តាលមកពីបញ្ហាជំងឺកូវីដ-១៩ ដូចការអះអាងរបស់ក្រុមហ៊ុននោះទេ។
ពាក់ព័ន្ធគុណភាពផ្លូវលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ណែនាំឱ្យក្រុមហ៊ុន សាងសង់ ក្រុមហ៊ុនពិនិត្យបច្ចេកទេស និងអ្នកបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វេីការរួមគ្នាកែលំអរឡេីងវិញលេីគ្រឹះផ្លូវ។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា លោកមិនអាចទទួលផ្លូវគ្មានគុណភាព ហេីយរងការរិះគន់ពីប្រជាពករដ្ឋនោះឡេីយ។
ក្រុមហ៊ុនហានស៊ីន របស់កូរ៉េខាងត្បូង ក៏ជាក្រុមហ៊ុនដែលរដ្ឋាភិបាលកូរ៉េខាងត្បូង ជាប្រទេសផ្តល់កម្ចីសាងសង់ផ្លូវផ្តល់សិទ្ធិសាងសង់ផ្លូវជាតិលេខ២១ ពីរង្វង់មូលក្រុងតាខ្មៅ ទៅកាន់ព្រំដែនជ្រៃធំផងដែរ។ កាលណោះក្រុមហ៊ុននេះ ក៏បានសាងសង់ផ្លូវមិនមានគុណភាពផងដែរ។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា លោកធ្លាប់បានលេីកឡេីងបញ្ហារបស់ក្រុមហ៊ុនទៅទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាផងដែរ។ លោក ស៊ុន ចាន់ថុល បានព្រមានថា នឹងមានការជជែកគ្នាទៅលេីក្រុមហ៊ុននេះ អាចឈានដាក់ក្នុងបញ្ជីខ្មៅមិនឱ្យទទួលការសាងសង់ផ្លូវនៅកម្ពុជា។
បេីតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្រុមហ៊ុនហានស៊ីន មិនមានគ្រឿងចក្រឱ្យបានគ្រប់គ្រាន់សម្រាប់ការសាងសង់នោះឡេីយ ហេីយគ្រឿងចក្រដែលប្រេី គឺហួសសម័យថែមទៀត។
សាធារណ:មតិស្នេីរដ្ឋាភិបាលកូរ៉េខាងត្បូង ពិនិត្យឡេីងវិញលេីការងាររបស់ក្រុមហ៊ុនមួយនេះ ដេីម្បីបញ្ចៀសការប៉ះពាល់កិត្តិយសរបស់រដ្ឋាភិបាល និងពលរដ្ឋកូរ៉េកេីតចេញពីភាពខ្ជីខ្ជារបស់ក្រុមហ៊ុននេះ។
ជាមួយភាពយឺតយ៉ាវនៃការសាងសង់ផ្លូវនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសូមការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះផងដែរ។
សូមបញ្ជាក់ថា គម្រោងកែលំអផ្លូវជាតិលេខ២ និង២២ មានប្រវែងសរុប ៧២,១៧ គីឡូម៉ែត្រ។ ក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅដល់អូរចំបក់ មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តតាកែវ។
គម្រោងនេះគ្រោងចំណាយថវិកា ៥៦,១ លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនHasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture គ្រោងចំណាយពេលសាងសង់ ៣០ខែ គិតចាប់ពីចុងឆ្នាំ២០១៩។
ការស្ថាបនាផ្លូវជាតិទាំងពីរខ្សែខាងលើ ចែកចេញជាបីផ្នែក រួមមាន៖ ផ្នែកទី១- កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន មានប្រវែង ៤,៣៤គីឡូម៉ែត្រ ដែលនឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៥ម៉ែត្រ ចែកចេញជាបួនគន្លង (២គន្លងទៅ ២គន្លងមក) ខ័ណ្ឌដោយគំនូសចែកទ្រូងផ្លូវ។ ចិញ្ចើមផ្លូវសង ខាងទទឹង ០,៥ម៉ែត្រ ផ្លូវថ្មើរជើងសងខាងទទឹង ២,៥ម៉ែត្រ ប្រព័ន្ធរំដោះទឹក បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។
ផ្នែកទី២- កំណាត់ផ្លូវជាតិលេខ២ ចាប់ពីផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន ដល់រង្វង់មូលកួរស្រូវ ប្រវែង ៤,៤១គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០,៥០ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC ទទឹង ២០,៥០ម៉ែត្រ មានបួនគន្លង (២គន្លងទៅ ២គន្លងមក) រួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹងសរុប ១៤ម៉ែត្រ និងម៉ូតូទទឹងសរុប ៥ម៉ែត្រ ខ័ណ្ឌដោយរបាំងថ្មពុះចែកទ្រូងផ្លូវ បំពាក់ផ្លាកសញ្ញាចរា ចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។
ផ្នែកទី៣- កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំបែកផ្លូវជាតិលេខ៣ (អង្គតាសោម) ប្រវែង ៦៣,៤២គីឡូម៉ែត្រ ត្រូវពង្រីកទទឹងផ្លូវរហូតដល់ ១៣ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៣ម៉ែត្រ ចែកចេញជាពីរគន្លង (១គន្លងទៅ ១គន្លងមក) ក្នុងនោះរួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដទទឹងសរុប ៧ម៉ែត្រ និងម៉ូតូទទឹងសរុប ៦ម៉ែត្រ ខ័ណ្ឌដោយ គំនូសចែកទ្រូងផ្លូវ សាងសង់ប្រព័ន្ធរំដោះទឹកនៅតាមទីប្រជុំជន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន វឌ្ឍនភាពការងារនៃគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង ២២ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្រេចលទ្ធផលការងារបាន៧៦,២០%៕