(មណ្ឌលគិរី)៖ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន បានអះអាងថា បច្ចុប្បន្ននេះអត្រាអ្នកចាក់វ៉ាក់សាំងដូសជំរុញ មានការកើនឡើងលឿនជាងពេលមុន ក្រោយក្រុមគ្រូពេទ្យបង្ខិតទីតាំងចាក់កាន់តែទៅគៀកភូមិឋានរបស់ប្រជាពលរដ្ឋ ឬពេលខ្លះត្រូវស្ពាយយកទៅកាន់ដល់ខ្នងផ្ទះរបស់ពួកគាត់តែម្ដង។
ក្នុងឱកាសចុះពិនិត្យដំណើរការចាក់វ៉ាក់សាំង នៅមណ្ឌលសុខភាពអូរអាម ស្ថិតក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា កន្លងទៅអ្នកចាក់វ៉ាក់សាំងដូសជំរុញ មានត្រឹមរង្វង់ប្រមាណ៥ពាន់នាក់ ទៅ៧ពាន់នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្ដែក្រោយចាក់ចេញយុទ្ធនាការមក ចំនួនអ្នកចាក់ដូសជំរុញបានហក់ឡើងខ្លាំងរហូតដល់ជាង២ម៉ឺននាក់ក្នុងមួយថ្ងៃ។
លោកស្រី ឱ វណ្ណឌីន បានបន្ថែមទៀតថា លទ្ធផលដែលសម្រេចបាននៅពេលនេះ គឺដោយសារការគិតគូរដ៏ហ្មត់ចត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅលើសុខមាលភាពរបស់ប្រជាពលរដ្ឋ។ លោកស្រីថា លទ្ធផលនៃក៏មានការចូលរួមពីក្រុមគ្រូពេទ្យកងទ័ព ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនស្ម័គ្រចិត្តស.ស.យ.ក និងក្រុមផ្សេងៗទៀត ដែលកំពុងបំពេញប្រតិបត្តិការ។
ព្រមពេលជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ត្រូវម្ចាស់ការខ្លួនឯងផងដែរ ពិសេសនៅពេលដល់វេលាកំណត់ចន្លោះពី៤ខែឡើងទៅ គឺត្រូវមកទទួលយកនូវការចាក់ដូសជំរុញទាំងអស់គ្នា ដើម្បីបង្កើននូវកងការពារពីជំងឺកូវីដ១៩។
លោកស្រីប្រធានគណៈកម្មការចំពោះកិច្ច ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ទាំងក្រុមគ្រូពេទ្យកងទ័ព និងយុវជនស្ម័គ្រ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលាក្នុងការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ។ លោកស្រី ក៏មិនភ្លេចនូវការអរគុណផងដែរ ដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមសហការយ៉ាងស្អិតរមួតជាមួយក្រុមគ្រូពេទ្យ។
សូមស្ដាប់បទសម្ភាសរបស់លោកស្រី ឱ វណ្ណឌីន៖