(ភ្នំពេញ៖) រាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេមើលឃើញថាបានលេចឡើងនូវសោភ័ណភាពកាន់តែស្រស់បំព្រង ទាក់ទាញទាំងភ្ញៀវជាតិ-អន្តរជាតិឱ្យចូលមកទស្សនា ក៏ដូចជាមកដើរលេងកម្សាន្តផងដែរ។

ភាពទាក់ទាញទាំងនេះ ដោយសារភ្នំពេញមានសួនច្បារជាច្រើនកន្លែងយ៉ាងប្រណីតៗ មានទាំងកន្លែងហាត់ប្រាណ កន្លែងអង្គុយលេងស្រូបយកខ្យល់អាកាសក្រោយពីសម្រាកការងារ ឬថ្ងៃបុណ្យទានជាដើម មានឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ។ ចំណែកនៅតាមដងទន្លេសាបឯណោះវិញ នៅពេលនេះផ្កាសាគូរ៉ាបាននិងកំពុងរីកស្គុះស្គាយគួរជាទីគយគន់មិនចាញ់សាគូរ៉ានៅប្រទេសជប៉ុននោះឡើយ។

ភាពទាក់ទាញមួយទៀតនោះ គឺនៅរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ពន្ធនានា មានទាំងស្ពានអាកាស ស្ពានអាកាសថ្មើរជើង ផ្លូវក្រោមដី ការកសាងនូវបណ្ដាញលូថ្មី ជាច្រើនខ្សែ ដើម្បីរំដោះទឹកចេញពីរាជធានីភ្នំពេញ។

អ្វីដែលជាការចាប់អារម្មណ៍មួយទៀតនោះ គឺនៅប៉ុន្មានឆ្នាំចុងក្រោយនេះរាជធានីភ្នំពេញបានផុសឡើងនូវអគារខ្ពស់ៗ ខុនដូប្រណីតៗ បណ្តុំផ្ទះល្វែងជាច្រើនកន្លែងបានផុសឡើងព្រមៗគ្នា ទាំងនៅជាយក្រុង និងនៅកណ្ដាលរាជធានីភ្នំពេញ។

ជាក់ស្ដែងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ កន្លងទៅ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់រួចហើយថា គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន៣១០កន្លែង និងអគារខ្ពស់ៗចំនួន១,៦០៣អគារ ក្នុងនោះអគារកម្ពស់ចាប់ពី២០ជាន់ឡើងទៅ មានចំនួន២២៥អគារ ហើយក្នុងឆ្នាំ២០២១កន្លងទៅ យើងទទួលបានតម្រោងសាងសង់ថ្មីៗពីវិស័យឯកជនចំនួន១,០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង៤.៦៣លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង២.២៦ពាន់លានដុល្លាអាមេរិកបន្ថែមទៀត ធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ៕