(កំពង់ចាម)៖ ក្នុងនាមជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម លោក ប៉ាន សូរស័ក្តិ បានសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់នៅតាមឃុំ ក្នុងស្រុកទាំងពីរនេះ ដើម្បីសម្រួលដល់ការបំពេញការងាររបស់សមាជិក សមាជិកាបក្ស។

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាថ្មីសន្លាងចំនួនពីរទៀត ស្ថិតនៅក្នុងឃុំសំរោង និងឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវបានលោក ប៉ាន សូរស័ក្តិ កាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ពិធីនេះ មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន និងសមាជិក សមាជិកា នៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៥ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសំរោង ឃុំត្រពាំងព្រះ គណៈអចិន្ត្រៃយ៍បក្សស្រុក គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ សាខាបក្សភូមិ ព្រទាំងយុវជនសាលា យុវជនឃុំ និងយុវជនភូមិជាច្រើនរូប។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ប្រធាន អនុប្រធាន និងសមាជិកសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសំរោង និងឃុំត្រពាំងព្រះ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងធនធានផ្ទាល់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋានឃុំឱ្យមានការរីកចម្រើនដូចបច្ចុប្បន្ន។

លោកបានលើកឡើងថា អគារទីស្នាក់ការបក្សទាំងពីរនេះ គឺជាសមិទ្ធផលថ្មីមួយទៀត នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ អគារនេះក៏បានបង្ហាញពីភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានភាពចាស់ទុំខាងនយោបាយជាងគេក្នុងការដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាស្ថាបនិកមគ្គុទេសឯក និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ជូនជាតិ និងមាតុភូមិ ជាពិសេស គឺលទ្ធផល និងស្នាដៃក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានជួយស្រោចស្រង់សង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជាពីការស្លាប់លើកទី២ បណ្តាលមកពីរោគរាតត្បាតដ៏កាចសាហាវ បន្ទាប់ពីបានជួយសង្គ្រោះជីវិតប្រជាជនកម្ពុជាលើកទី១ពីរបបប្រល័យពូជសាសន៍ នៅឆ្នាំ១៩៧៩ ហើយស្នាដៃដ៏ធំធេងនេះ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិទទួលស្គាល់ និងកោតសរសើរកម្ពុជា ជាសកល។

ជាមួយគ្នានេះ លកប្រធានក្រុមការងារបានសំណូមពរឱ្យក្រុមការងារគណបក្សចុះមូលដ្ឋាន និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ត្រូវនាំគ្នាបន្តការគាំទ្រជួយដល់មូលដ្ឋានឃុំ ភូមិ ដើម្បីបង្កលក្ខណៈឲ្យបេក្ខជនរបស់យើងធ្វើសកម្មភាព ដណ្ដើមប្រៀបឈ្នះលើគូប្រជែង និងត្រូវយកចិត្តទុកដាក់អប់រំ ថែបំប៉នសតិអារម្មណ៍សមាជិក សមាជិកាបក្ស ធ្វើយ៉ាងណាឲ្យសមាជិកសមាជិកាគណបក្ស និងអ្នកគាំទ្រគណបក្សយើង មានការជឿជាក់ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់គ្នាៗ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

លោកប្រធានក្រុមការងារ ក៏បានលើកឡើងផងដែរពីតម្លៃសុខសន្តិភាពជម្រាបជូនសមាជិក សមាជិកា។ លោកបានគូសបញ្ជាក់ដូច្នេះថា «សន្តិភាពពិតជាមានតម្លៃណាស់ ដូចនេះក្នុងនាមជាពលរដ្ឋ ជាពិសេសជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គប្បីត្រូវលះបង់គ្រប់បែបយ៉ាង ទោះក្នុងតម្លៃណាក៏ដោយ រក្សាការពារសុខសន្តិភាពឱ្យបាន ដើម្បីប្រែក្លាយប្រទេសជាតិយើងឱ្យទៅជាប្រទេសជឿនលឿន និងជាប្រទេសដែលមានចំណូលខ្ពស់នាពេលខាងមុខ»។

លោក ប៉ាន សូរស័ក្តិ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ត្រៀមលក្ខណៈទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសមិទ្ធផលទាំងឡាយដែលកើតចេញពីការខិតខំរបស់ប្រជាជាតិកម្ពុជាឱ្យបានស្ថិតស្ថេរគង់វង្ស។ ជាងនេះទៅទៀត ត្រូវចូលរួមទប់ស្កាត់ និងការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត តាមរយៈការរក្សាអនាម័យ និងអនុវត្តវិធានការ «០៣កុំ ០៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន និងត្រូវចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសទាំងអស់គ្នា ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕