(កំពង់ចាម)៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានជនបង្គោលយុវជនគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកបាធាយ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ បានចុះជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២ និងមន្ត្រីគណបក្សស្រុកបាធាយ។
ពិធីនេះ ក៏មានការចូលរួមពីសំណាក់ លោក ងួន សុជាតិ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម, លោក ខ្លោក ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម, លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងលោក ប៉ាវ ហេងតារា អនុប្រធានក្រុមការងារចុះជួយស្រុកបាធាយ តំណាងលោក ប៉ាន់ សូរស័ក្តិ ប្រធានក្រុមការងារចុះជួយស្រុកបាធាយ លោក ឡាវ វ៉ាន់ អនុប្រធានជនបង្គោលយុវជនស្រុកបាធាយ រួមទាំង ប្រធានក្រុមការងារគណបក្សចុះជួយឃុំទាំង១២, ប្រធានជនបង្គោលយុវជនចុះជួយឃុំទាំង១២ សរុបប្រមាណ៣០០នាក់។
ក្នុងពិធីសំណេះសំណាល លោក ហេង សួរ បានសំដែងនូវការកោតសរសើរ និងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះ ក្រុមប្រឹក្សាឃុំ នៅក្នុងស្រុកបាធាយទាំងមូល ដែលបានយកចិត្តទុកដាក់ យកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បានចូលរួមបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ រួមគ្នាសម្រេចបាននូវលទ្ធផលដ៏ល្អក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ ក្នុងអាណត្តិទី៤កន្លងមក ទទួលបានលទ្ធផលការងារល្អប្រសើរ ដែលទទួលបានការគាំទ្រពេញចិត្តពីប្រជាជន សប្បាយរីករាយនឹងសមិទ្ធផលថ្មីៗជាច្រើន និងមានជីវភាពរស់នៅកាន់តែប្រសើរ។
លោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលជាស្នាដៃក្នុងការងារកន្លងមក បានបង្ហាញឱ្យឃើញពីការខិតខំរួមគ្នារបស់គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ជាពិសេសការរួមគ្នាយ៉ាងសកម្មរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ក្នុងការជួយអភិវឌ្ឍន៍ឃុំនីមួយៗ ឱ្យមានការរីកចំរើនលើគ្រប់វិស័យ ទាំងរក្សាការពារបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព លើកកំពស់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង ឆ្លើយតបបានទាន់វេលានិងមានប្រសិទ្ធភាពចំពោះតម្រូវការប្រជាពលរដ្ឋ។
ទន្ទឹមនោះដែរ លោក ហេង សួរ បានផ្ញើការសួរសុខទុក្ខ និងក្តីនឹករលឹក ពីសំណាក់ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជកម្ពុជាថ្នាក់កណ្តាល និងលោកស្រីពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុក្ខដាក់ខ្ពស់គិតគូរដោះស្រាយរាល់បញ្ហារបស់យុវជន និងសមាជិក សមាជិកា នៃគណបក្សរបស់យើង។
លោកក៏បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ទាំងអស់ និងបានផ្តាំផ្ញើឱ្យខិតខំបន្តយកចិត្តទុកដាក់ផ្ដល់សេវារដ្ឋបាលសាធារណៈជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព ក្នុងការធ្វើការឱ្យបានល្អ គុណភាពក្នុងការបម្រើប្រជាពលរដ្ឋបានល្អ សកម្ម តម្លាភាព ទទួលខុសត្រូវខ្ពស់ និងយុត្តិធម៌ដោយមិនមានការរើសអើង និងប្រកាន់និន្នាការនយោបាយ ព្រមទាំងទទួលយកនូវសំណូមពរនានាពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបន្តស្វែងរកប្រជាប្រិយភាព បន្តសកម្មភាពជួយការងារគណបក្សទាក់ទាញនូវការជឿជាក់ប្រកបដោយភាពកក់ក្តៅ ការស្រលាញ់គាំទ្រ និងបេះដូងរបស់ប្រជាពលរដ្ឋមកលើខ្លួន ទៅបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាក្នុងការដណ្តើមប្រៀបឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នំា២០២២ និងការបោះឆ្នោតសកលឆ្នាំ២០២៣ នាពេលខាងមុខ ។
លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បញ្ជាក់ថា ការជួបជុំគ្នានៅពេលនេះមានការចូលរួមជាមតិយោបល់ ការចែករំលែកចំណេះដឹង និងបទពិសោធន៍ ដោយក្នុងនោះបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្សយើង បានត្រៀមលក្ខណៈសម្បត្តិរួចជាស្រេចដើម្បីចូលរួមប្រកួតប្រជែងក្នុងដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។
ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ លោក អ៊ុន ចាន់ដា ក៏បានលើកឡើងពីការចូលរួមដោយខានមិនបានពីតួអង្គសំខាន់ៗចំនួន៤ តួអង្គទី១. គឺបេក្ខជនទាំងពេញសិទ្ធ និងបម្រុង ត្រូវចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ដោយលើកបង្ហាញពីសមិទ្ធផលជាច្រើនដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា, តួអង្គទី២. គឺមេឃុំ-ចៅសង្កាត់ ត្រូវធ្វើអំពើល្អ បម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានកាន់តែល្អ, តួអង្គទី៣. គឺមេប៉ុស្ត ត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ជាមូលដ្ឋានពុំមានគ្រឿងញៀន ពុំមានបងតូចបងធំ ពោលគឺភូមិ-ឃុំ ត្រូវមានសុវត្ថិភាព, និងតួអង្គទី៤. គឺក្រុមការងារចុះជួយមូលដ្ឋាន ត្រូវផ្តល់នូវមធ្យោបាយ ទាំងសម្ភារ និងថវិកា សម្រាប់បម្រើផលប្រយោជន៍នៅក្នុងមូលដ្ឋានឲ្យមានការរីកចម្រើនបន្ថែមទៀត៕