(ភ្នំពេញ)៖ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំខ្មែរ នៅចុងសប្ដាហ៍នេះ ថ្នាក់សិក្សា FTC បានបន្តការវគ្គសិក្សារបស់ខ្លួន ដែលឈានដល់ការណែនាំអំពីអត្ថបទវិភាគហើយ។ ការសិក្សានេះធ្វើឡើងបន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវការសរសេរព័ត៌មានក្ដៅ និងការសរសេរបទយកការណ៍។
អត្ថបទវិភាគ ក្រោមការបង្រៀនយ៉ាងយកចិត្តទុកដាក់ពី លោក ម៉ារ យ៉ារិទ្ធ ដែលជាប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News បានបែងចែកធាតុផ្សំចំនួន៤ចំណុច។ ដោយធាតុផ្សំទាំង៤នោះ មានដូចជា៖ ទិន្នន័យពិពណ៌នា ឬ Descriptive Analysis , ទិន្នន័យបញ្ជាក់រកលក្ខណៈវិនិច្ឆ័យ ឬ Diagnostic Analysis, ទិន្នន័យព្យាករណ៍វិភាគ ឬ Predictive Analysis និង ទិន្នន័យវិភាគដាក់ចេញនូវវិធានការ ឬ Prescriptive Analysis។
នៅក្នុងថ្នាក់សិក្សា បើទោះជាមេរៀនចេះតែបន្តទៅមុខយ៉ាងណាក្ដី តែគ្រូបង្គោលនៃ FTC តែងតែបង្រៀន និងបង្ហាញនូវក្រមសីលធម៌ នៃអ្នកសារព័ត៌មានទៅកាន់សិក្ខាកាមជាប្រចាំ។ ដើម្បីជំរុញឲ្យ អ្នកសាព័ត៌មានជំនាន់ប្រកបការងារដោយមានវិជ្ជាជីវៈ និងដឹងច្បាស់អំពីតួនាទី អ្វីដែលអាចធ្វើបាន និងអ្វីដែលមិនអាចធ្វើបាន ក្នុងនាមជាអ្នកកាសែតអាជីពម្នាក់។
ជាការពិតណាស់បើទោះជាស្ថិតនៅក្នុងបរិបទនៃជំងឺ Covid-19 ក្ដី តែថ្នាក់សិក្សានៅតែមានភាពសកម្ម ក្រោមការអនុវត្តនូវវិធានការសុវត្ថិភាព ៣កុំ និង៣ការពារ រួមមានការពាក់ម៉ាស់ បាញ់អាកុល និងរក្សាគម្លាត។
សូមបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា«FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។
«FTC» ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មានក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។
FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។
នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ តាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334