(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្តដាក់ផែនការដល់កងកម្លាំងនគរបាលរបស់ខ្លួន កាន់តែខ្លាំងឡើងលើកិច្ចការបង្ក្រាបបទល្មើស និងពង្រឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម នាឱកាសពិធីបុណ្យជាតិធំៗ នាពេលខាងមុខនេះ។
នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបេីកអង្គប្រជំុប្រចាំខែ ដោយមានការចូលរួមពីអស់លោកស្នងការរង អនុប្រធានសេនាធិការ អនុប្រធានការិ.កណ្តាល នាយ-នាយរងការិយាល័យ ជំនាញ លោកអធិការ-អធិការរងក្រុង-ស្រុក លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលក្រុង-ស្រុក ទាំង២៧សរុបទាំងអស់១១៥ នាក់ ។
នៅចំពោះមុខកងកម្លាំងរបស់ខ្លួន លោកឧត្តមសេនីយ៍ស្នងការ រំលឹកដាស់តឿនឡេីងវិញនូវការអនុវត្តន៍ជំនាញប្រចាំថ្ងៃរួមមាន ទី១-ការគោរពវិន័យរបស់កងកម្លាំង ទី២-ការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ទី៣-ការងារស្ថិតិនិងអត្តសញ្ញាណប័ណ្ណ ទី៤ ការងារបង្ការបង្ក្រាបបទល្មេីស និងទី៥-ផែនការ ការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសបុណ្យចម្រេីនព្រះជន្ម ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេច បរមនាថ នរោត្តមសីហមុនី ១៣-១៤-១៥.០៥.១៦ និងពិធីបុណ្យវិសាខបូជា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល។
ជាមួយគ្នានេះលោកស្នងការបានបន្តជំរុញ ឲ្យកងកម្លាំងបន្តអនុវត្តការងារមនុស្សធម៌ នៅតាមមូលដ្ឋាន (ជួយប្រជាពលរដ្ឋមានគ្រោះធម្មជាតិ ឫគ្រោះថ្នាក់ផ្សេងៗផងដែរ)៕