(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីប្រធានគណបក្សស្រុកបារាយណ៍ និងស្រុកតាំងគោក រួមនឹងប្រធានគណបក្សឃុំ និងក្រុមការងារស្រុក ឃុំ ភូមិ បើកកិច្ចប្រជុំជីវភាពប្រចាំខែរបស់គណបក្សប្រជាជនកម្ពុជាស្រុកបារាយណ៍ និងស្រុកតាំងគោក ដើម្បីរួមគ្នាខិតខំក្ដាប់ឱ្យបានពីតម្រូវការ និងសំណូមរបស់ប្រជាជន និងបន្តរួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានជាប់លាប់។
បន្ទាប់ពីស្ដាប់នូវរបាយការណ៍ប្រចាំខែរបស់ប្រធានគណបក្សស្រុកទាំង២ហើយនោះ លោក ថោង ខុន បានបើកវេទិកាសាកសួរជាមួយប្រធានគណបក្សឃុំ និងគណបក្ស ស្រុកពីសតិអារម្មណ៍របស់ប្រជាជន និងសកម្មជនគណបក្សនៅមូលដ្ឋានឃុំ ភូមិ ដើម្បីក្ដាប់ពីសភាពការណ៍ និងបានដាក់ចេញការណែនាំបន្ថែមចំពោះមុខ។
លោកប្រធាន ថោង ខុន បានណែនាំដល់ប្រធានគណបក្សស្រុក ឃុំ ភូមិ ពិសេសក្រុមប្រឹក្សាឃុំត្រូវរួមគ្នាចុះសួរសុខទុក្ខប្រជាជន នឹងចុះជួយដោះស្រាយនូវបញ្ហារបស់ប្រជាពលរដ្ឋឱ្យបានជាប់លាប់ជាប្រចាំ ដោយធ្វើយ៉ាងណាកុំឱ្យមានប្រជាពលរដ្ឋណាម្នាក់ជួបបញ្ហា ដោយមិនមានការដោះស្រាយ ។ ការធ្វើដូចនេះដើម្បីបង្កើន ភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ និងដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ដូចនេះថា «ពេលដែលប្រជាពលរដ្ឋស្នើសុំ ឬសំណូមពរអ្វីមួយ ក្រុមការងារ និងគណបក្សស្រុក ឃុំ ភូមិ ត្រូវតែខិតខំប្រឹងប្រែងធ្វើ ជូនគាត់តាមលទ្ធភាពដែលអាចធ្វើបាន និងឱ្យបានលឿន ហើយបើមិនអាចធ្វើបានត្រូវរាយការណ៍បន្តទៅថ្នាក់លើបន្ថែមទៀត ជួយដោះស្រាយ និងត្រូវជំរាបជូនគាត់វិញ ក្នុងករណីមានការយឺតយ៉ាវ ដោយមូលហេតុណាមួយ។ មិនសន្យាតែត្រូវខិតខំប្រឹងប្រែងធ្វើប្រកបដោយការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារ និងប្រធានគណបក្សស្រុកទាំងពីរ យកចិត្តទុកដាក់តាមដានត្រួតពិនិត្យមើលសមាជិកគណបក្ស និងអ្នកគាំទ្រគណបក្សដែលមិនទាន់ មានអត្ត សញ្ញាណប័ណ្ណ សញ្ជាតិខ្មែរប្រភេទថ្មី ឬមានដែរតែហួសសុពលភាព ឬបាត់ ឬខូច ត្រូវចាត់ចែងជួយពួកគាត់ឲ្យទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការ បោះឆ្នោត នៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតឱ្យបានទាន់ពេលវេលា។
លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យខិតខំពង្រឹងសមាជិកបក្សនៅតាមភូមិ ឃុំ ឱ្យបានច្បាស់ទាក់ទងនឹងការផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត និងការផ្ទៀងផ្ទាត់សមាជិកបក្ស ឱ្យបានគ្រប់ និងច្បាស់លាស់ នៅតាមភូមិឃុំដែលជាមុខសញ្ញា ហើយអ្វីដែលកាន់តែពិសេសនោះគឺត្រូវគ្រប់គ្រងសតិអារម្មណ៍របស់សមាជិបក្ស តាមរយៈការចុះជួយ ដោះ ស្រាយនូវរាល់បញ្ហារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
លើសពីនេះ លោកប្រធាន ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារ និងប្រធានគណបក្សស្រុកទាំង២ ត្រូវត្រៀមសម្ភារៈ ឧបករណ៍ មធ្យោបាយ និងធនធានឱ្យបានគ្រប់គ្រាន់ សម្រាប់ការឃោសនាបោះឆ្នោត ទៅតាមប្រតិទិន របស់ គ.ជ.ប និងចាប់ផ្ដើមធ្វើការបណ្ដុះបណ្ដាលភ្នាក់ងារគណបក្សផងដែរ។
បន្ថែមពីនេះទៀត លោក ថោង ខុន ក៏បានក្រើនរំឭកដល់ប្រធាន-សមាជិកគណបក្សក្នុងស្រុកទាំង២ បន្តយកចិត្តទុកដាក់លើបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩ ដោយត្រូវបន្ត ការអប់រំ ផ្សព្វផ្សាយ ដល់ប្រជាជន អំពីហានិភ័យ ការបង្ការទប់ស្កាត់ ពិសេសការបន្តជំរុញប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងទៅតាមវេនរបស់ពួកគាត់ និងបន្តអនុវត្តវិធានការ «៣កុំ ៣ការពារ» ដើម្បីឱ្យសហគមន៍ជៀសឆ្ងាយពីជំងឺកូវីដ-១៩៕