(ភ្នំពេញ)៖ ក្នុងជំនួបទ្វេភាគី នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើនាយករដ្ឋមន្រ្តីជប៉ុន ដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ពីដៃគូយុទ្ធសាស្ត្រ ឲ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយនាយករដ្ឋមន្រ្តីជប៉ុន បានទទួលយកសំណើនេះទៅពិចារណា។ នេះបើតាមការបញ្ជាក់ពីលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

សំណើនេះ បានធ្វើឡើងនៅពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ លោក គីស៉ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុននៅរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ នៅក្នុងឱកាស សម្តេចទៅចូលរួមកិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន។

លោក កៅ គឹមហួន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេចក៏បានស្នើ (ជប៉ុន) ដំឡើងកម្រិតពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងជប៉ុន នាពេលខាងមុខនេះ។ នៅក្នុងនេះ នាយករដ្ឋមន្ត្រីជប៉ុន បានទទួលយកគំនិតសម្តេចនៅក្នុងការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីនេះ ទៅពិចារណា»

បើតាមលោក កៅ គឹមហួន នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទាំងពីរ បានបង្ហាញការគាំទ្រគ្នាទៅវិញទៅមក ក្នុងឆាកតំបន់ និងអន្តរជាតិ។ នាយករដ្ឋមន្ត្រីជប៉ុន ក៏បានលើកឡើងពីក្របខណ្ឌប្រជុំ G20 និងសភាពការណ៍នៅមីយ៉ាន់ម៉ាផងដែរ។ ចំពោះសភាពការណ៍ នៅមីយ៉ាន់ម៉ា គឺនាយករដ្ឋមន្ត្រីជប៉ុន បានសន្យាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាថា លោកនឹងនៅតែសហការ និងគាំទ្រកម្ពុជា ដោះស្រាយបញ្ហាមីយ៉ាន់ម៉ា និងបញ្ហាផ្សេងទៀត ដូចជាបញ្ហានៅឧបទ្វីបកូរ៉េ និងសមុទ្រចិនខាងត្បូង។

សូមជម្រាបថា នៅក្នុងជំនួបទ្វេភាគីនោះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា រវាងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ជាមួយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ដែលចុះហត្ថលេខារវាង លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ជាមួយលោក សាយតុ តេត្យុអុ (Saito Tetsuo) រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។

សម្រាប់ប្រទេសកម្ពុជា «កម្រិតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» គឺបានធ្វើតែជាមួយមហាអំណាចចិនប៉ុណ្ណោះ ដែលបានដាក់ចេញកាលពីឆ្នាំ២០១០ កន្លងទៅ តែពេលនេះជប៉ុន ជាប្រទេសទី២ ដែលមានទំនាក់ទំនងជាមួយកម្ពុជា ក្នុងកម្រិតខ្ពស់៕