(អវកាស)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានធ្វើការបើសន្និសីទសារព័ត៌មានដ៏កម្រមួយក្នុងសប្តាហ៍នេះ ដើម្បីបង្ហាញពីលទ្ធផលនានា ដែលចេញដោយកែវយឺតអវកាស Kepler ដែលបាន បំពេញបេសកកម្មក្នុងទីអវកាសអស់រយៈពេល ០៧ឆ្នាំមកហើយ ក្នុងនោះគេអាចសន្មត់ថាភពថ្មីៗ ចំនួន ៣០ឯណោះ ដែលអាចឲ្យជីវិតរស់នៅបាន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអវកាស នាព្រឹកថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០១៦។
នៅក្នុងសន្និសីទនាយប់ថ្ងៃអង្គារ នៅឯទីស្នាក់ការ NASA នាទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក អង្គការនេះបានប្រកាស ថាខ្លួនបានរកឃើញភពសរុប ១,២៨៤ នៅប្រព័ន្ធព្រះអាទិត្យផ្សេងពីយើង ដោយប្រើប្រាស់កែវយឺត Kepler តែមួយមុខប៉ុណ្ណោះ ចាប់តាំងពីការបាញ់បង្ហោះវាកាលពីឆ្នាំ ២០០៩ រហូតមកដល់ឆ្នាំ ២០១៦ នេះ។
កន្លងមក Kepler បានធ្វើការពិនិត្យលម្អិតទៅលើ តារានានាចំនួនជាង ១៥០,០០០ នៅក្នុងកាឡាក់ស៊ី មាលគីវេយ៍ ដើម្បីស្វែងរកភពដែល ធ្វើដំណើរឆ្លងកាត់ពន្លឺនៃតារាទាំងនោះ ហើយជាក់ស្តែងផ្កាយភាគច្រើន ពុំត្រូវបានគេរកឃើញភពវិលជុំវិញនោះឡើយ។ តាមពិតភព ដែលគេអះអាងថាមាននោះ គឺមានចំនួន ៥,០០០ភពឯណោះ ប៉ុន្តែក្នុងចំណោមនោះភព ៣,២០០ ប៉ុណ្ណោះដែលត្រូវបានគេសិក្សា និង ២,៣០០ទៀត កំពុងតែត្រូវ Kepler ធ្វើការកំណត់នៅឡើយ។
ចំពោះបណ្តាភពទាំង ១,២៨៤ ដែលបានទទួលការសិក្សាច្បាស់លាស់នោះ គឺក្នុងចំណោមនោះមាន ភពចំនួន ៥៥០ អាចជាភពក្រាលដោយថ្មដូចភពផែនដីយើង ដោយគេយោងលើទំហំរបស់ពួកវា តែម្តង។ ដោយឡែកភពចំនួន ០៩ក្នុងចំណោមនោះ គឺកំពុងស្ថិតនៅក្នុងគន្លងល្អជាងគេ ដែលមាន ន័យថាពួកវាស្ថិតក្នុងគន្លងស្រដៀង និងគន្លងរបស់ភពផែនដីនឹងព្រះអាទិត្យ ដែលនាំក្រុមអ្នកវិទ្យាសាស្ត្រធ្វើការសន្និដ្ឋានថា អាចមានជីវិតរស់នៅទីនោះ ឬគ៏ពួកវាអាចជាកន្លែង ដែលឲ្យជីវិតរស់នៅបាន។
ដោយឡែកបើសរុបជារួមទៅភពដែលធំជាងផែនដី និង មានគន្លងស្រដៀងផែនដីពីព្រះអាទិត្យទៀត នោះ មានចំនួនរហូតដល់ទៅ ២១ភពទៀតឯណោះ ហេតុដូច្នេះជីវិតទំនងជាងាយនឹងអាចកើតឡើង នៅទីនោះជាងបណ្តាភពរាប់ពាន់ទៀត ដែលមានគន្លងមិនដូចផែនដី នឹងព្រះអាទិត្យ។
យ៉ាងណាក៏ដោយរឿងដែលងាយយល់ពេលនេះ គឺបណ្តា ភពនានាដែលនៅជិតព្រះអាទិត្យរបស់វា ពេក នោះបរិយាកាសនឹងក្តៅខ្លាំងមិនអាចឲ្យជីវិតរស់នៅបានទេ ហើយសម្រាប់ភពដែលស្ថិតនៅ ឆ្ងាយពីព្រះអាទិត្យពេក អាកាសធាតុនឹងត្រជាក់ខ្លាំង ដែលនាំឲ្យជីវិតពិបាកនឹងកកើតឡើងផងដែរ។ ការហ៊ានសន្និដ្ឋានថាកន្លែងណាមួយ ដែលអាចស្វាគមន៍ជីវិតនោះ គឺយោងទៅលើគន្លង និង ព្រះអាទិត្យ ដែលស្រដៀងនឹងភពផែនដី និងព្រះអាទិត្យរបស់យើងនេះជាឧទាហរណ៍ចម្បង៕