(ព្រះវិហារ)៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ បានសហការជាមួយនឹងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត និងដៃគូរអភិវឌ្ឍន៍ បានរៀបចំពិធីអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ឆ្នាំ២០២២ នៅបរិវេណមណ្ឌលសុខភាព ឆែប ស្ថិតក្នុង ឃុំឆែបមួយ ស្រុកឆែប។

កម្មវិធីនេះបានធ្វើឡើងក្រោមវត្តមានលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ត តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងមានការចូលរួមពីលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ព្រមទាំងអង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋ សិស្សានុសិស្ស និង អ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ភូមិជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះលោកស្រី ប៉ាង រ៉ាវី បានឡើងអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ឆ្នាំ២០២២ ជូនអង្គពិធីបានស្តាប់នាឱកាសនេះផងដែរ។

ដោយឡែកលោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងឱ្យដឹងថា នៅក្នុងឆ្នាំ២០២១ ទោះបីស្ថានភាពជំងឺកូវីដ-១៩ មានការឆ្លងរាលដាលខ្លាំងយ៉ាងណាក៏ដោយ តែអត្រាជំងឺគ្រុនចាញ់ទូទាំងប្រទេសមានការថយចុះ ដោយឡែកសម្រាប់ខេត្តព្រះវិហារ អត្រាថយចុះជំងឺគ្រុនចាញ់ ក៏មានការគួរឱ្យកត់សម្គាល់ផងដែរ។

លោកបញ្ជាក់បន្ថែមទៀតថា សម្រាប់ខេត្តព្រះវិហារ អត្រាឆ្លងជំងឺគ្រុនចាញ់មានការថយចុះរហូត៥៣.៦% បើប្រៀបធៀបឆ្នាំ២០២១។ ចឹងបានន័យថា អត្រាឆ្លងជំងឺគ្រុនចាញ់ក្នុងខេត្តព្រះវិហារ ទោះបីជាស្ថិតក្នុងស្ថានភាពរីករាលដាល ជំងឺកូវីដ១៩ ក៏ដោយ ក៏យើងអាចគ្រប់គ្រងបានឃើញថាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។

លោកថា បើគិតតាមចំនួនដង់ស៊ីតេប្រជាពលរដ្ឋឆ្នាំ២០២១ គឺក្នុងចំនួន១០០០នាក់មានតែ ០.៧០នាក់ជាងទេ បានន័យថាអត់បានម្នាក់ទេក្នុងចំណោមប្រជាពលរដ្ឋ១០០០នាក់។

លោកបញ្ជាក់យ៉ាងដូច្នេះទៀតថា បើពិនិត្យទៅលើគោលដៅ និងផែនការយុទ្ធសាស្ត្រជាតិ គឺយើងបានទៅដល់គោលដៅ ហើយលោកសង្ឃឹមថានឹងទៅដល់គោលដៅ លុបបំបាត់ជំងឺគ្រុនចាញ់ទាំងអស់ ក្នុងឆ្នាំ២០២៥ផងដែរ។

លោកក៏ជំរុញឱ្យប្រជាពលរដ្ឋមកទទួលវ៉ាក់សាំង ចំពោះអ្នកចាក់ដូសទី១ហើយ ត្រូវទៅចាក់ដូសទី២ ចំណែកអ្នកចាក់ដូសទី២ហើយ ត្រូវចាក់ដូសជំរុញ នឹងបានជំរុញដល់មន្ត្រីសុខាភិបាលនៅក្នុងសករុកឆែប ធ្វើយ៉ាងណាជំរុញការចាក់វ៉ាក់សាំងដូសជំរុញដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង៕