(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់យោបល់ឱ្យបង្កើតតំបន់ទេសចរណ៍សិប្បនិម្មិត នៅបឹងទន្លេសាប និងនៅតាមតំបន់ផ្សេងៗទៀត ខណៈទីតាំងដែលអាចបង្កើតំបន់ទេសចរណ៍ សិប្បនិម្មិតនេះមានច្រើនណាស់ ដើម្បីជំរុញវឌ្ឍនភាពវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ ជាពិសេសបង្កើតសេដ្ឋកិច្ចជូនពលរដ្ឋនៅតាមមូលដ្ឋាន។

ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ទេសចរណ៍កម្ពុជា ក្នុងបរិបទកូវីដ១៩» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិត សុខ ទូច បានឱ្យដឹងយ៉ាងដូច្នេះថា៖ «យើងមានតំបន់បង្កើត ទេសចរណ៍សិប្បនិម្មិតច្រើនណាស់ ដើម្បីទាកទាញភ្ញៀវទេសចរដែលគេគ្មាន មកលេងបឹងទន្លេសាប ភ្ញៀវទេសចរអាចមើលត្រីដ៏សម្បូរបែបដែលមាននៅបឹងទន្លេសាប ខណៈសិង្ហបុរី គេធ្វើផ្ទះតូចមួយគេដាក់ត្រីបបែរក្នុងសមុទ្រ ត្រីឆ្លាម គេយកប្រាក់២០ដុល្លារ ពីភ្ញៀវទេសចរ, ខ្មែរយើងធ្វើផ្ទះកញ្ចក់នៅបឹងទន្លេសាប ភ្ញៀវមុននឹងចូលទស្សនា ត្រូវបង្ហាញត្រីដែលមាននៅក្នុងបឹងទន្លេសាបជូនភ្ញៀវទេសចរ ព្រោះយើងមានទន្លេឆ្មារមួយដែលមានផ្ទៃដីធំ យើងអាចបង្កើតពូជត្រីនៅទីនោះបាន បន្តិចទៀតខ្ញុំនឹងសិក្សានៅតំបន់ហ្នឹង...!»

តាមលោក សុខ ទូច បានអះអាងថា ទេសចរណ៍សិប្បនិម្មិត មានសក្ដានុពលដែលទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជាជារៀងរាល់ឆ្នាំនេះ ដូច្នេះ គួរគប្បីត្រូវធ្វើការពង្រឹង និងតភ្ជាប់គ្នាបន្ថែមទៀត តាមរយៈការពង្រីកបន្ថែមនូវប្រភេទគោលដៅទេសចរណ៍ផ្សេងៗទៀត។

សម្រាប់ប្រភេទទេសចរណ៍សិប្បនិម្មិត ត្រូវបានប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ប្រភេទទេសចរណ៍នេះ ត្រូវបានអភិវឌ្ឍ និងដាក់ឱ្យដំណើរការរួចហើយ នៅតាមបណ្ដាប្រទេសមួយចំនួន រួមមានដូចជា៖ ប្រទេសជប៉ុន សិង្ហបុរី និងប្រទេសម៉ាឡេស៊ី ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យទៅដើរកម្សាន្ត និងប្រមូលបានចំណូលយ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចប្រទេសទាំងនោះ៕