(កំពង់ធំ)៖ ដោយអនុវត្តតាមប្រសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល និងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពខេត្តកំពង់ធំក្រោមការដឹកនាំពីលោក ងួន រតន: អភិបាលខេត្ត, លោកវរសេនីយ៍ឯក យី សំអូន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំកងកម្លាំងចុះអនុវត្តការងាររយ:ពេល១០ថ្ងៃ ដោយចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នៅឃុំផាត់សណ្តាយ និងឃុំពាមបាង។

លោក យី សំអូន បានបញ្ជាក់ថា ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ បានបែងចែកកម្លាំងជាពីរក្រុមចេញល្បាតកន្លែងអភិរក្ស ដោយដកហូតកន្រ្តងកាវលៀស ចំនួន៦គ្រឿង ធ្វើកិច្ចសន្យាបញ្ឈប់រកលៀសក្នុងកន្លែងអភិរក្សបន្តទៀត សារមងក្នុងកន្លែងអភិរក្សបាន១ត្បូង ប្រវែង១០០ម៉ែត្រ។

ក្រុមការងារបានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ចូលរួមអភិរក្សសម្បត្តិរបស់យើងទាំងអស់គ្នា ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយបានឃើញបានស្គាល់។ លោកបានបន្ថែមថា ទន្ទឹមនឹងការអនុវត្តច្បាប់ ជម្រើសមុខរបរថ្មីជូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីផ្តល់ចំណូលជាប្រចាំសម្រាប់ការរស់នៅរបស់ពលរដ្ឋតាមរយៈការផ្សារភ្ជាប់រវាងការអភិរក្ស និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ការបង្កើនការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត។

រយៈពេល១០ថ្ងៃក្នុងឃុំផាត់សណ្តាយ និងឃុំពាមបាង, លោក យី សំអូន ក៏បានជួបសមាជិកគណបក្សប្រជាជនក្នុងឃុំពាមបាង និងបានស្តាប់បញ្ហាប្រឈមរបស់ពួកគាត់ ហើយក៏ទទួលយកសំណូមពរ និងបានដោះស្រាយជូនពួកគាត់ខ្លះ។ លោក និងក្រុមការងារ ក៏បានជូនថវិកា និងអង្ករដល់សមាជិកបក្សដែលខ្វះខាតផងដែរ៕