(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានដឹកនាំក្រុមមន្ត្រីក្រោមឱវាទជាច្រើននាក់នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ អញ្ជើញគោរពវិញ្ញាណក្ខន្ធ មន្រ្តីនគរបាលដែលស្លាប់ពេលចុះបង្ក្រាបគ្រឿងញៀននៅស្រុកអង្គស្នួល ព្រមទាំងប្រគល់បច្ច័យ១០លានរៀល ក្នុងមួយគ្រួសារ និងអំណោយមួយចំនួនផងដែរ។
លោកអភិបាលខេត្ត បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារនៃសព ដែលបានពលីក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសគ្រឿងញៀន ដែលនេះជាការពលីមួយដ៏មានអត្ថន័យ និងមានខ្លឹមសារបំផុតជូនជាតិមាតុភូមិ និងសង្គមយើង។
សូមជម្រាបថា គ្រួសារសពទាំង២នាក់ដែលបានពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល រួមមាន៖
*ទី១៖ សពលោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ។ សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃសពស្ថិតភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
*ទី២៖ សពលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រី ផ្នែកប្រឆាំងគ្រឿងញៀន។ សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
សូមរម្លឹកថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន មន្រ្តីនគរបាលចំនួន២រូបបានស្លាប់ដោយសារក្រុមជនល្មើសបាញ់ត្រូវ ខណៈម្នាក់របួសធ្ងន់ រីឯជនសង្ស័យត្រូវបានស្លាប់ម្នាក់ផងដែរពេលចុះបង្ក្រាបនោះ។
ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ថា មុខសញ្ញាគ្រឿងញៀនដែលជាជនដៃដល់ម្នាក់បានស្លាប់ និងបក្ខពួកមួយចំនួន ក្នុងចំណោម៥នាក់ ត្រូវបានកម្លាំងនគរបាលបង្ក្រាបបានភ្លាមៗផងដែរ៕