(ភ្នំពេញ)៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងក្រុមគ្រួសាររួមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ម៉េងលីជេ.គួច អេឌ្យូខេសិន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ បានចុះទៅចែកអំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រមាណ៤០០គ្រួសារ។
ក្នុងឱកាសនោះ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានសម្ដែងនូវសេចក្ដីរីករាយក្រៃលែងដែលបានរួមចំណែកក្នុងការជួយដល់ពលរដ្ឋ និងការអភិវឌ្ឍភូមិស្រុក ដែលដូនតារបស់លោកធ្លាប់ឆ្លងកាត់ភាពកម្រត់កម្រតស៊ូនឹងទុក្ខលំបាកវេទនាកាលពីប៉ុន្មានទសវត្សរ៍មុន។
អ្នកឧកញ៉ា បានបន្តថា ក្រោយពីស្ថានការណ៍កូវីដ១៩ នៅកម្ពុជាហាក់រាងធូរស្បើយ លោកនិងក្រុមគ្រួសារអាចវិលត្រឡប់មកភូមិស្រុកសាជាថ្មី ដើម្បីយកអំណោយចែករំលែកដល់ពលរដ្ឋក្រីក្រ ខណៈរាល់ឆ្នាំមុនៗលោកតែងតែមកពុំដែលខានឡើយពោល គឺចាប់តាំងពីឆ្នាំ២០០១មកម្លេះ។
រយៈពេលជាង២០ឆ្នាំមកនេះ អ្នកឧកញ៉ាដែលពលរដ្ឋកម្ពុជាជាច្រើនស្គាល់តាមរយៈការផ្តល់ដំបូន្មានដ៏មុតស្រួច ទាំងផ្នែកសុខភាពនិងការអប់រំ បានសង្កត់ធ្ងន់ថា មូលនិធិម៉េងលីជេ.គួច របស់លោក បានជួយដល់ភូមិកង្កែប អស់ប្រមាណជាង៣០ម៉ឺនដុល្លារមកហើយ ដោយរាប់ទាំងការឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់ពលរដ្ឋ ពិសេសការរួមចំណែកកសាងវត្តអារាម សាលារៀននិងអណ្តូងទឹកជាដើម ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ពលរដ្ឋ ក៏ដូចជាជំរុញដល់ការសិក្សារៀនសូត្ររបស់ក្មេងៗនៅក្នុងភូមិផងដែរ។
ទន្ទឹមនឹងនេះដែរ មេភូមិថ្មកង្កែបលោក ឆែម សុខន បានសម្ដែងនូវអារម្មណ៍ត្រេកអរជាខ្លាំងដែលបានឃើញអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី និងក្រុមគ្រួសារបានចុះមកចែកអំណោយសប្បុរសធម៌ដល់ពលរដ្ឋកំពុងមានជីវភាពខ្វះខាតនៅក្នុងភូមិ។
លោកបន្ថែមថា អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី តែងតែចុះមកផ្តល់អំណោយសប្បុរសធម៌និងផ្តល់ជំនួយកសាងវត្តអារាម សាលារៀន និងអណ្តូងទឹកជាច្រើនដល់ភូមិកង្កែប អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
បើតាមរបាយការណ៍ ដែលទទួលបានពីមូលនិធិម៉េងលីជេ.គួច ចាប់តាំងពីឆ្នាំ២០០១ ដល់បច្ចុប្បន្នមូលនិធិម៉េងលីជេ.គួច បានចំណាយទឹកប្រាក់អស់ប្រមាណជាង ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយដល់ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលក្នុងនោះសមិទ្ធផលទទួលបានរួមមាន៖ ការស្ថាបនាវត្ដគិរីសេត្ថារាម(ហៅវត្ដថ្មកង្កែប), សាងសង់សាលាបឋមសិក្សាថ្មកង្កែប គួចប៉េងសាំងងិនហួយ, សាងសង់អណ្ដូងទឹក, តទុយោទឹកនិងសង់ស៉ីទែន, ការចំណាយសម្រាប់កម្មវិធីចុះជួយសាលាបឋមសិក្សាយុគន្ធរ ស្រុកបរិបូរណ៌ ខេត្ដកំពង់ឆ្នាំង, ការចំណាយលើបរិច្ចាគអង្ករគ្រឿងឧបរិភោគបរិភោគនិងថវិកាជូនប្រជាពលរដ្ឋមួយចំនួន។ ក្រៅពីខេត្តកំពង់ឆ្នាំង នៅមានបណ្តាខេត្តជាច្រើនផ្សេងទៀតទូទាំងប្រទេសដែលមូលនិធិម៉េងលីជេ.គួច បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ដែលគិតជាទឹកប្រាក់ ប្រហែលខ្ទង់លានដុល្លារទៅហើយ។
មូលនិធិម៉េងលីជេ.គួច ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ។ មូលនិធិនេះ ត្រូវបានផ្តួចផ្តើមឡើងក្រោមគំនិតផ្ដូចផ្ដើមរបស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី សម្រាប់គោលបំណងសប្បុរសធម៌ចំ ណេះដឹង អក្ខរកម្ម និងគោលបំណងស្រាវជ្រាវ៕