(ព្រះវិហារ)៖ លោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងដោយក្តីមោទកភាពចំពោះគណបក្សប្រជាជនកម្ពុជា និយាយដោយឡែក គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ដែលរហូតមកដល់ពេលនេះ បានសាងសង់អគារស្នាក់ការគណបក្សបានយ៉ាងស្រស់ស្អាតស្ទើរគ្រប់ឃុំក្នុងខេត្ត បើប្រៀបធៀបជាមួយគណបក្សនយោបាយផ្សេងទៀត គឺមិនមានស្នាក់ការគណបក្សធ្វើការបានត្រឹមត្រូវនោះទេ គឺបានត្រឹមតែលើកស្លាកគណបក្សតាមដងផ្លូវប៉ុណ្ណោះ។

ការថ្លែងលើកឡើងបែបនេះរបស់លោក មាស សុភា បែបនេះក្នុងឱកាសដែលលោកអញ្ជើញចូលរួមសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ។

នៅក្នុងឱកាសនោះលោក មាស សុភា បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀត ដែលតែងបានគិតគូរយកចិត្តទុកដាក់ជានិច្ច ពីសុខទុក្ខនិងជីវភាពរស់នៅរបស់សមាជិក សមាជិកា គណបក្សក៏ដូចជាបងប្អូន ប្រជាពលរដ្ឋយើងគ្រប់ទីកន្លែង។

លោក មាស សុភា បានថ្លែងលើកឡើងទៀតថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ គឺបានកើតឡើងដោយការប្តេជ្ញាចិត្តរបស់គណបក្សខេត្ត គណបក្សស្រុកគូលែន គណបក្ស ឃុំគូលែនត្បូង ក៏ដូចជាក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ក្រុមកាងារខេត្តចុះជួយស្រុក ឃុំ ក្រោមសិល្បៈនៃការចែករំលែក ដែលជាប្រពៃណីដែលយើង មានតាំងពីយូរលង់មកហើយ។

លោថា ការកសាងស្នាក់ការគណបក្សស្អាតបែបនេះ មានន័យថា «គណបក្សប្រជាជនកម្ពុជានៅដឹកនាំយូរងង្វែង» មិនទៅណាចោលប្រជាជនទេ ហើយមកដល់ពេលនេះគណបក្សមួយចំនួន មិនទាន់មានស្នាក់ការធ្វើការត្រឹមត្រូវ ដូចយើងទេពោលគឺនៅធ្វើការតាមផ្ទះនៅឡើយ និងបានត្រឹមលើកស្លាកគណបក្សនៅតាមដងផ្លូវប៉ុណ្ណោះ។

លោកក៏ថ្លែងនូវការកោតសរសើរនូវស្មារតីទទួលខុសត្រូវ របស់គណបក្សស្រុក គណបក្សឃុំ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក ជួយឃុំ ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក ចុះជួយឃុំ ដែលបានរួមគ្នាធ្វើឲ្យសមិទ្ធផលនេះកើតឡើង ដោយមិនបានប្រើប្រាស់ថវិការបស់ជាតិនោះទេ។ ជាមួយនឹងអគារស្នាក់ការគណបក្សបានសាងសង់រួចយ៉ាងស្អាតបែបនេះ លោក សំណូមពរឲ្យមានអ្នកធ្វើការជាប្រចាំ និងត្រូវជួយថែរក្សាឲ្យបានស្អាត។

ជាមួយគ្នានេះ លោក មាស សុភា ក៏បានថ្លែងអំពាវនាវឱ្យរួមគ្នាការពារសុខសន្តិភាព ប្រឆាំងអ្នកបង្កើតបដិវត្តពណ៌ ដែលមានបំណងបំផ្លាញសុខសន្តិភាព ដែលយើងខំដណ្តើមបានទាំងលំបាក ត្រូវបន្តគាំទ្រនូវយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជន ត្រូវគាំទ្រនូវអភិក្រមទាំង៥ដើម្បីធ្វើឲ្យគណបក្សកាន់តែរឹងមាំ គាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធិភាពខ្ពស់ និងត្រៀមលក្ខណៈការបោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

បើតាមរបាយការណ៍របស់លោក ប៉ាង យៀត ប្រធានគណបក្សស្រុកគូលែន បានថ្លែងឲ្យដឹងថា ៖អគារស្នាក់ការគណបក្សឃុំគូលែនត្បូង ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ គឺលើផ្ទៃដីទំហ៊ំ៣១ម៉ែត្រគុណ៦៣ម៉ែត្រ និងមានអគារគណបក្សទំហ៊ំ៧ម៉ែត្រគុណ៩ម៉ែត្រ សាងសង់អំពីថ្មប្រក់ក្បឿង រួមទាំងការចាក់ដីសរ ចាក់ដីគ្រួស របងជុំវិញ លូរបង្ហូរទឹក អណ្តូងស្នប់ បង្គន់អនាម័យ និងសម្ភារការិយាល័យ សរុបថវិកាទាំងអស់ចំនួន៣៣៣ ៤៤០ ០០០រៀល ស្មើនិង៨៣៨៦០ដុល្លា៕