(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយ សង្កាត់បឹងទំពន់ទី១ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន២១០នាក់ ស្ថិតនៅភូមិចំរើនផល និងភូមិចំរើនផល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ក្នុងនោះដែរភូមិចំរើនផល១០០នាក់ និងភូមិចំរើនផល២ ១១០នាក់។
ក្នុងពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកាបក្សនេះដែរ ក៏មានការចូលរួមពីលោក លោកស្រី អនុប្រធានក្រុមការងារ និងប្រធានគណបក្សសង្កាត់ មេភូមិ សមាជិក សមាជិកា គណបក្សសង្កាត់បឹងទំពន់ទី១។
ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ បានមានមតិស្វាគមន៍ និងបានសំណេះសំណាល ក៏ដូចជាការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជូនដល់សមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមក្នុងពិធីសំណេះសំណាល នាពេលនេះផងដែរ។
បន្ទាប់មកលោក ឌី រ័ត្នខេមរុណ បានលើកឡើងពីវឌ្ឍនភាព ការអភិវឌ្ឍន៍ និងសន្តិភាព និងសមិទ្ធផលជាច្រើន ក្នុងមូលដ្ឋាន ដែលកំពង់ទទួលបាន នាពេលបច្ចុប្បន្ន និងសមិទ្ធិផលជាច្រើន ដែលបានមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការគិតគូរប្រទេសជាតិ និងជួយសង្រ្គោះ អាយុជីវិតប្រជាជនកម្ពុជា តាំងពីដើមរៀងមក និងពេលបច្ចុប្បន្ន តាមរយៈការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងផ្តល់វ៉ាក់សាំងជូនបនរជាពលរដ្ឋទូទាំងប្រទេស។
ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ បានអំពាវនាវឲ្យគ្រប់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ជាពិសេសប្រធានគណបក្សសង្កាត់ ត្រូវពិនិត្យផ្ទៃក្នុងគណបក្ស សាមគ្គីផ្ទៃក្នុងឲ្យបានល្អប្រសើរ ត្រូវត្រៀមខ្លួន ត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់ការចូលរួម ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាសង្កាត់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដែលជិតចូលមកដល់។
ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ បានបញ្ជាក់បន្ថែមថា គ្រប់សមាជិក សមាជិកាបក្សទាំងអស់ ត្រូវប្តេជ្ញាចិត្តចូលរួមថែរក្សា សុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ ឲ្យស្ថិតស្ថេរគង់វង្ស ជារៀងរហូត ទើបយើងអាចបន្តជួបជុំក្រុមគ្រួសារ និងបន្តមើលឃើញពីការអភិវឌ្ឍន៍ គ្រប់វិស័យរបស់គណបក្សប្រជាជនយើងទៀត និងសូមប្រឆាំងដាច់ខាតរាល់ឧបាយកលជនទុច្ចរិតរបស់ពួកអគតិដែលមានបំណងបំផ្លាញសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍន៍ និងការបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅកម្ពុជាយើង ។
ក្រោយពីពិធីសំណេះសំណាលនេះរួច លោក ឌី រ័ត្នខេមរុណ បាននាំយកថវិកា ក្រុមការងារជូនដល់សមាជិក សមាជិកាគណបក្ស ចំនួន ២១០នាក់ ក្នុង១ម្នាក់ ២០,០០០ រៀលផងដែរ៕