(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមេសាឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ ប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន៦៦៣នាក់ ជាសមាជិកថ្មីចំណុះឲ្យគណៈកម្មាធិការគណបក្សសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

ក្នុងពិធីនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បាននាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគណបក្ស ជូនដល់សមាជិកបក្សទាំង៦៦៣រូប ដែលទើបបានចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។

លោកបានរំលឹកអំពីប្រវត្តិរបស់បក្សក្នុងការតស៊ូរំដោះប្រទេសជាតិនិងប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ជាពិសេសនយោបាយឈ្នះ ឈ្នះ ដែលធ្វើឲ្យប្រទេសយើងមាន លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញដោយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានធ្វើការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនដោយកម្ពុជាសព្វថ្ងៃនេះជាប់ចំណាត់ថ្នាក់លេខ៧ លើពិភពលោក ក្នុងនាមជាប្រទេសមានការអភិវឌ្ឍលឿន។

សមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជាស្នាដៃកើតចេញពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺជាការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រក្នុងការឈានទៅដណ្តើមជ័យជម្នៈនាពេលបោះឆ្នោតខាងមុខជូនគណបក្សប្រជាជនកម្ពុជា។

ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងចំនួនសមាជិកបក្ស និងពង្រឹងសកម្មភាពសតិអារម្មរណ៍នយោបាយរបស់សមាជិកបក្ស លោកបណ្ឌិត អូស្មាន ហាស្សាន់ បានបញ្ជាក់ថា គោលការណ៍រក្សាចាស់ បង្កើនថ្មី និងសមាជិកបក្សមួយរូប គឺជាសម្លេងឆ្នោតគាំទ្ររបស់គណបក្សមួយសន្លឹក គឺត្រូវទាមទារឲ្យក្រុមប្រឹក្សាសង្កាត់របស់យើងអនុវត្តគោលការណ៍នេះឲ្យបានជាប់ជាប្រចាំ ដើម្បីដណ្តើមជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ និងបោះឆ្នោតសកលឆ្នាំ២០២៣ ទទួលបានជ័យជំនះ។

លោក អូស្មាន ហាស្សាន់ បានរំលេចថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ លើសកលលោក ជាប្រទេសដែលចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើន។ ជាមួយគ្នានោះ លោកបានណែនាំប្រជាពលរដ្ឋឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព បន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងប្រញាប់ប្រញាល់ទៅទទួលវ៉ាក់សាំងដូសជំរុញលើកទី៣ ឬលើកទី៤ ព្រមទាំងនាំកូនចៅរបស់ខ្លួនទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នានិងត្រូវរៀនរស់ជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ជាពិសេសអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន។

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រជាពលរដ្ឋដែលបានសម្រេចចិត្ត ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ហើយនេះគឺជាការជ្រើសរើសដ៏ត្រឹមត្រូវ សមាជិកគណបក្សម្នាក់ គឺជាសន្លឹកឆ្នោតមួយសន្លឹកដែលនឹងត្រូវបោះជូនគណបក្ស៕