(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពរបស់មហាឧបាសិកា តាន់ រ៉ាយ ត្រូវជាម្តាយបង្កើតលោក កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១១៖១៥នាទីយប់ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ នៅទីក្រុងបាងកក ប្រទេសថៃ។
នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ក្នុងសាររំលែកទុក្ខ ដែលផ្ញើទៅកាន់លោក កៅ ខុនដារ៉ា យ៉ាងដូច្នេះថា «ខ្ញុំ និងក្រុមគ្រួសារ មានក្តីរន្ធត់ចិត្ត និងសោកស្តាយជាអនេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំយ៉ាងក្រៃលែងចំពោះមរណភាព មហាឧបាសិកា តាន់ រ៉ាយ ដែលត្រូវជាម្តាយរបស់ឯកឧត្តម កាលពីថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១១៖១៥នាទីយប់ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ»។
ក្នុងឱកាសប្រកបដោយ សមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំ សូមចូលរួមសម្តែងនូវការសោកស្តាយស្រណោះអាឡោះអាល័យ ព្រោះថាការបាត់បង់ មហាឧបាសិកា តាន់ រ៉ាយ គឺជាការបាត់បង់នូវម្តាយបង្កើតម្តាយក្មេក និងជីដូន ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ជាទីស្រលាញ់បំផុត ដែលបានបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូនចៅ បានក្លាយជាពលរដ្ឋល្អក្នុងសង្គម។
ខ្ញុំ និងក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេង និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកា តាន់ រ៉ាយ សូមចាប់បានចាប់កំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕