(ពោធិ៍សាត់)៖ លោក ជាវ តាយ សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណ:កម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងពោធិ៍សាត់ និងជាអភិបាលនៃគណ:អភិបាលខេត្ត នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ បានលើកឡើងពីគម្រោងរៀបចំទីផ្សារលក់ដូរចុងសប្តាហ៍ សម្រាប់ឱ្យប្រជាពលរដ្ឋ អាចនាំយកផលិតផលកសិកម្ម មាន់ ទា ត្រី សាច់ របស់ខ្លួន មកលក់ដូរ បង្កើនសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ ក្នុងពេលឆាប់ៗខាងមុខ។
លោកបានលើកឡើងបែបនេះ នៅបរិវេណវត្តឯការាម (វត្តឯក) ស្ថិតក្នុងភូមិអូរតូង សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយ ជូនដល់សមាជិក សមាជិកា ក្រុមបក្ស ក្នុងសង្កាត់ចំរើនផល ប្រមាណ៥០០នាក់ ដោយបានការចូលរួមពីលោក ម៉ក់ រ៉ា អនុប្រធានគណ:កម្មាធិការគណបក្សខេត្ត ប្រធានគណ:ប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត សមាជិកគណ:អចិន្ត្រៃយ៍គណបក្សខេត្ត គណ:ទាំង៥ នៃគណបក្សខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ក្រុមការងារចុះជួយសង្កាត់ និងបេក្ខជនពេញសិទ្ធិ ក្រុមប្រឹក្សាសង្កាត់ជាច្រើននាក់ទៀត។
បន្ទាប់ពីមតិស្វាគមន៍របស់លោក សំរិទ្ធ អេង ប្រធានគណបក្សក្រុងពោធិ៍សាត់ និងរបាយការណ៍សកម្មភាពការងារ និងទិសដៅ របស់គណបក្សសង្កាត់ចំរើនផល ដែលអានដោយលោក ឈុន សៀង បេក្ខជនពេញសិទ្ធ លំដាប់លេខរៀងទី១ រួចមក, លោក ជាវ តាយ ក្នុងនាមគណ:អធិបតី បានអញ្ជើញមានមតិសំណេះសំណាលជាមួយ សមាជិកក្រុមបក្សទាំងអស់ ដោយបានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ ពីសំណាក់សម្តេចទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមការដឹកនាំរបស់សម្តេច ប្រទេសជាតិមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ សម្តេចបានលះបង់ ដោយយកអាយុជីវិតជាដើមទុន ដើម្បីឯកភាពប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ដោយសារនយោបាយឈ្នះៗរបស់សម្តេច។
លោកបញ្ជាក់ទៀតថា នៅកម្ពុជាមានសុខសន្តិភាព ហើយឈានទៅរកការបោះឆ្នោត ឃុំ សង្កាត់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ដោយមានគណបក្សចំនួន១៦ ចុះបញ្ជីប្រកួតប្រជែង សង្ឃឹមថាបងប្អូន ក្រុមបក្ស គ្រួសារបក្ស សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលកំពុងមានវត្តមាននៅទីនេះ និងកៀរគរបងប្អូនកូនក្មួយ និងគ្រួសារ ក្នុងភូមិ ក្នុងមូលដ្ឋាន ធ្វើការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយស្មោះត្រង់ ដើម្បីរក្សាបាននូវសុខសន្តិភាព និងសូមគាំទ្រសម្តេច ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីជារៀងរហូត។ ជាមួយគ្នានោះ ត្រូវតែការពារគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សរកសន្តិភាពជូនប្រជាជន និងរក្សាការពារបាន នូវសុខសន្តិភាព ជូនប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសនោះលោក ជាវ តាយ ក៏បានចែកជូនវត្ថុកំដរដៃ ដល់សមាជិក សមាជិកា ក្រុមបក្សដែលបានចូលរួមប្រមាណ៥០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម មី១កេស និងទឹកបរិសុទ្ធអារុណា១កេសផងដែរ៕