(ភ្នំពេញ)៖ លោក ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម បានគូសបញ្ជាក់ថា ការកាន់បញ្ជីគណនេយ្យត្រឹមត្រូវ និងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុ ស្របតាមស្តង់ដាជាធរមាន នឹងជួយលើកកម្ពស់តម្លាភាព និងភាពអាចទុកចិត្តបាន នៃរបាយការណ៍-ហិរញ្ញវត្ថុរបស់សហគ្រាស ហើយនេះ គឺជាបច្ច័យមួយនាំឲ្យចំណូលសារពើពន្ធមានការកើនឡើង។
ការគូសបញ្ជាក់ បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ប៊ូ ថារិន អញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កាតព្វកិច្ចគណនេយ្យ និងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ» សម្រាប់សហគ្រាស ត្រូវបានរៀបចំ ឡើងដោយនិយ័តករគណនេយ្យ និងសវនកម្មនៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ នៅសណ្នាគារ ភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។
សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃនិយ័តករគណនេយ្យ និងសវនកម្ម ដោយមានការអញ្ជើញចូលរួម ពីសិក្ខាកាមមកពីម្ចាស់ ឬតំណាងសហគ្រាសសរុបចំនួនប្រមាណ២៨០រូប។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុង គោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងគណនេយ្យនិងសវនកម្ម ពិសេស កាតព្វកិច្ចគណនេយ្យនិងសវនកម្ម ដល់ម្ចាស់សហគ្រាស និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងប្រទេសកម្ពុជា។
លោក ប៊ូ ថារិន បានលើកឡើងអំពីសារៈសំខាន់ នៃសិក្ខាសាលាក្នុងបរិការណ៍នៃការពង្រឹងអនុលោមភាព និងបានគូសបញ្ជាក់ អំពីកាតព្វកិច្ចជាសារវន្ត សំខាន់ចំនួន០៣ ដែលសហគ្រាសត្រូវអនុវត្ត ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានពាក់ព័ន្ធ នឹងវិស័យគណនេយ្យនិងសវនកម្មរួមមាន៖ ការកាន់បញ្ជី គណនេយ្យ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យជាធរមាន និងការដាក់របាយការណ៍ហិរញ្ញវត្ថុ ឲ្យរងសវនកម្ម ឯករាជ្យ តាមលក្ខខណ្ឌកំណត់ដោយច្បាប់ ព្រមទាំងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ មកនិយ័តករគណនេយ្យ និងសវនកម្មតាមពេលកំណត់។
លោកអគ្គនាយក បានបន្ថែមថា បច្ចុប្បន្នច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មី ដែលត្រូវបានដាក់ឲ្យអនុវត្ត រួមមាន៖
១៖ ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម
២៖ អនុក្រឹត្យស្តីពីពិន័យអន្តរការណ៍ចំពោះអំពើល្មើទៅនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម
៣៖ ប្រកាសស្តីពីកាតព្វកិច្ចដាក់របាយការណ៍ឲ្យរងសវនកម្មឯករាជ្យ
៤៖ សារាចរណ៍ណែនាំ និងសេចក្តីជូនដំណឹងស្តីពីការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុដែលរងសវនកម្មឯករាជ្យ និងមិនរងសវនកម្ម ចំពោះសហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ មកនិយ័តករគណនេយ្យនិងសនកម្ម តាមប្រព័ន្ធអនឡាញ។
លោកបានបញ្ជាក់បន្ថែមនូវភាពចាំបាច់ នៃការដាក់ចេញច្បាប់ និងវិធានពាក់ព័ន្ធសម្រាប់គ្រប់គ្រងវិស័យគណនេយ្យនិងសវនកម្ម គឺមិនមែន ជាការដាក់កំហិត ការកំណត់ព្រំដែន ឬរំខានដល់ការរក-ទទួលទានរបស់ធុរជន និងវិនិយោគិននោះទេ តែផ្ទុយទៅវិញការអនុវត្តឲ្យបានខ្ជាប់ខ្ជួននិងគត់ហ្មត់ នូវកាតព្វកិច្ចនានាដែលកំណត់ដោយច្បាប់ នឹងជួយឲ្យរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសមានតម្លាភាព និងភាពអាចទុក-ចិត្តបានពីគ្រប់ភាគីពាក់ព័ន្ធ ដែលជាអ្នកប្រើប្រាស់របាយ-ការណ៍ហិរញ្ញវត្ថុ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។
លើសពីនេះ លោកអគ្គនាយក បានលើកឡើងនូវសារមួយចំនួន ដូចតទៅ៖
* តម្លាភាពនៃការគ្រប់គ្រងធនធានហិរញ្ញវត្ថុ មានភាពងាយស្រួលក្នុងការទទួលបាន ឥណទានពីធនាគារឬស្ថាប័នហិរញ្ញវត្ថុ ការស្វែងរកដៃគូ វិនិយោគពីបរទេស ការចូលរួមក្នុងទីផ្សារមូលធន និងរួចផុតពីការពិន័យពីស្ថាប័នមានសមត្ថកិច្ចជាយថាហេតុ។
*ការកាន់បញ្ជីគណនេយ្យត្រឹមត្រូវ និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ស្របតាមស្តង់ដាជាធរមាន នឹងជួយលើកកម្ពស់តម្លាភាព និងភាពអាចទុកចិត្តបាននៃរបាយការណ៍-ហិរញ្ញវត្ថុរបស់សហគ្រាស និងជួយសម្រួលដល់សហគ្រាសក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ហើយនេះ គឺជាបច្ច័យមួយនាំឲ្យចំណូលសារពើពន្ធមានការកើនឡើង។
* ការកាន់បញ្ជីគណនេយ្យត្រឹមត្រូវ, ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាជាធរមាន និងការដាក់របាយការណ៍ហិរញ្ញវត្ថុ ឲ្យរងសវនកម្មឯករាជ្យតាមលក្ខខណ្ឌកំណត់ គឺជាកាតព្វកិច្ចរបស់សហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលកំណត់ដោយច្បាប់ ប៉ុន្តែ និយ័តករគណនេយ្យនិងសវនកម្ម គឺចង់ឲ្យសហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញ បង្វែរកាតព្វកិច្ចទាំងនេះ ទៅជាវប្បធម៌វិញ គឺ វប្បធម៌កាន់បញ្ជីគណនេយ្យបានត្រឹមត្រូវ, វប្បធម៌រៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដា និងវប្បធម៌ដាក់របាយការណ៍ហិរញ្ញវត្ថុ ឲ្យរងសវនកម្មឯករាជ្យ។
វាគ្មិននៃនិយ័តករគណនេយ្យនិងសវនកម្ម បានធ្វើបទបង្ហាញ ស្តីពីបច្ចុប្បន្នភាពនៃកាតព្វកិច្ចគណនេយ្យ និងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ដែលមានចែកចេញជា៦ចំណុចធំៗគឺ ១៖ ការកាន់បញ្ជីគណនេយ្យ, ២៖ ការ-រៀបចំរបាយការណ៍ហិរញ្ញវត្ថុ, ៣៖ ការដាក់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ឲ្យរងសវនកម្មឯករាជ្យ, ៤៖ ពិន័យអន្តរ-ការណ៍, ៥៖ ករណីមិនរាងចាល ឬយឺតយ៉ាវមិនបង់ប្រាក់ពិន័យ និង៦៖ បណ្តឹងតវ៉ា។
បន្ទាប់មកទៀត លោក ខេស៊ី បាណេត ទីប្រឹក្សាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញ ស្តីពីគំរូរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដា គណនេយ្យសម្រាប់សហគ្រាសធុនតូចនិងមធ្យម ជូនដល់អង្គសិក្ខាសាផងដែរ ។ នាឱកាសនោះដែរ អង្គសិក្ខាសាលាបានលើកជាសំណួរ ជាច្រើនដើម្បីសាកសួរទៅកាន់វាគ្មិន ដែលពាក់ព័ន្ធទៅនឹងច្បាប់និងបទប្បញ្ញត្តិនឹងគណនេយ្យនិងសវនកម្ម៕