(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថេរភាព និងកំពុងតែមានការរីកចំរើនទៅមុខជាលំដាប់ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាប្រមុខដ៏ល្អ។
លោករដ្ឋមន្ត្រី វង សូត បានថ្លែងបែបនេះខណៈលោកបានអញ្ជើញសំណេះសំណាល និងប្រកាសចូលជាសមាជិកគណបក្សថ្មីចំនួន៣៣៦នាក់ មកពីឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។
នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តី សូមឲ្យបងប្អូនពលរដ្ឋចូលរួមបោះឆ្នោតទាំងអស់គ្នា ជាពិសេសបន្តបោះឆ្នោតគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ដែលខិតខំលះបង់កំលាំងកាយចិត្តតស៊ូនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍន៍រីកចម្រើនរហូតសព្វថ្ងៃនេះ។
លោករដ្ឋមន្ត្រី បានលើកឡើងថា «ការផ្តល់សេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺបានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសស្មើមុខ ស្មើមាត់លើឆាកអន្តរជាតិក្នុងនោះប្រទេសកម្ពុជាសម្រេចបាននូវគ្រឹះលទ្ធិប្រជាធិតេយ្យ និងការគោរពសិទ្ធិមនុស្សបានយ៉ាងពេញលេញ ផ្ទុយពីក្រុមមនុស្សមួយចំនួនដែលបានដើរនិយាយរិៈគន់មួលបង្កាច់ តែប្រជាជន និងប្រទេសជាតិខ្លួនឯង»។
លោករដ្ឋមន្ត្រី វង សូត ក៏បានអំពាវនាវដល់បងប្អូនទាំងអស់ កុំជឿតាមពាក្យបោកប្រាស់ របស់គណបក្សប្រឆាំងឲ្យសោះ ហើយការសម្រេចចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ពីព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចផ្តល់សន្តិភាព និងការអភិវឌ្ឍដ៏រឹងមាំជូនប្រទេសជាតិពីពេលនេះនិងទៅថ្ងៃអនាគត។
រដ្ឋមន្ត្រី វង សូត សូមឲ្យបងប្អូនពលរដ្ឋចូលរួមបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃទី៥ ខែមិថុនាខាងមុខនេះ ទាំងអស់គ្នា ជាពិសេសបន្តបោះឆ្នោតគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ដែលខិតខំលះបង់កំលាំងកាយចិត្តតស៊ូនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍន៍រីកចម្រើនរហូតសព្វថ្ងៃនេះ។
បើតាមការបញ្ជាក់ពីលោក ហែម យៀប ប្រធានគណៈកម្មាធិការបក្សមូលដ្ឋានឃុំត្រពាំងផ្លុង បានឲ្យដឹងថា គណៈកម្មាធិការបក្សមូលដ្ឋានឃុំបានបែងចែកក្រុមការងារតាមបណ្ដាលសាខាបក្សភូមិ ដើម្បីកសាងសមាជិកថ្មី ក្នុងគោលដៅសម្រេចឲ្យបានចំនួន១២០០នាក់ បន្ថែមលើចំនួនដែរមានស្រាប់ ជាលទ្ធផលគណៈកម្មាធិការមូលដ្ឋានឃុំកសាងសមាជិកបក្សថ្មី បានចំនួន៣៣៦នាក់ ស្រី១៧៩នាក់ រួមមាន៖ សមាជិកបក្សបានចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២១ សរុប៣៣៦នាក់ ស្រី១៧៩នាក់ ក្នុងនោះយុវជនគ្រប់អាយុដែលជាសមាជិកបក្សមានចំនួន២៦២នាក់ ស្រី១៣៦នាក់ និង៧៤នាក់ទៀត មកពីគណបក្សប្រឆាំង។ ម្យ៉ាងទៀត ចំនួនសមាជិកបក្សសរុបគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ មានចំនួន ៨.៧៨២នាក់ បើប្រៀបធៀបទៅនិងឈ្មោះអ្នកបោះឆ្នោតសរុប ១១.២៦៤នាក់ ស្នើនឹង៧៨% គ្រួសារបក្សសរុប ៤.៣៤៣គ្រួសារ ក្រុមបក្សសរុប៩០៦នាក់ និងសមាជិកបក្សជាយុវជនសរុប ៣.៥០១នាក់៕