(ភ្នំពេញ)៖ អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) ក្រុមសិក្សាស្រាវជ្រាវនៃរដ្ឋបាលជលផល បានប្រកាសពីការរកឃើញកូនសត្វផ្សោតទន្លេមេគង្គ ទើបនឹងកើតថ្មីមួយក្បាលទៀតចំនួន៩ក្បាលទៀត នៅក្នុងដែនជម្រកធម្មជាតិ នៃអន្លង់សត្វផ្សោតកាំពី ក្នុងខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅវេលាម៉ោង១០៖១៦នាទីព្រឹក។ នេះបើយោងតាមទំព័រហ្វេសបុករបស់អង្គការ អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) និងនាយកដ្ឋាន និងអភិរក្សជលផល នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ។
បើតាមអង្គការ WWF នាយកដ្ឋាន និងអភិរក្សជលផល បានបញ្ជាក់ថា កូនផ្សោតនេះ គឺជាកូនផ្សោតទី២ ដែលក្រុមស្រាវជ្រាវបានកត់ត្រាក្នុងរយៈពេល៤ខែដើម ឆ្នាំ២០២២នេះ។
ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថាសត្វផ្សោតថ្មីនេះមានអាយុទើបតែប្រាំថ្ងៃប៉ុណ្ណោះ ហើយជាកូនសត្វផ្សោតទី២សម្រាប់ឆ្នាំ២០២២នេះ។ សត្វផ្សោតទន្លេមេគង្គត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។
លទ្ធផលនៃជំរឿនសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ ដោយរដ្ឋបាលជលផល និងអង្គការ WWF បានបង្ហាញថា មានសត្វផ្សោតចំនួនត្រឹមតែ៨៩ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា។
ដើម្បីធានាបានថាកូនផ្សោតនេះបន្តរស់រានមានជីវិត និងវិវត្តទៅជាផ្សោតពេញវ័យនៅក្នុងចំនួនសរុបរដ្ឋបាលជលផល អង្គការ WWF សូមអំពាវនាវដល់បងប្អូនប្រជានេសាទមេត្តាចូលរួមការពារ និងបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ ពិសេសការនេសាទដោយប្រើឧបករណ៍មង និងឆក់ ជាពិសេសត្រូវរួមសហការគ្នាឱ្យកាន់តែខ្លាំងឡើង ដើម្បីរៀបចំវិធានការអភិរក្ស ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការពារសត្វផ្សោតឱ្យជៀសផុត ពីភាពវិនាសផុតពូជ៕