(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី បានចុះសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌ដល់លោកយាយ លោកតា ទីទ័លក្រចំនួន ១៥គ្រួសារ មានទីតាំងផ្សេងគ្នា ទាំង៣ភូមិមានភូមិអូររំចេក ភូមិត្រពាំងខ្លង ភូមិត្រពាំងវែង នៃឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
ក្នុងពេលចែកអំណោយ ដែលបានធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ លោក ហាក់ ម៉ុងហួត ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដែលលោកតែងតែក្រើនរំលឹកឲ្យមន្ត្រីចុះជាប់ជាប្រចាំ ជាមួយប្រជាពលរដ្ឋ គ្រប់ពេលលោកតែងតែគិតគូរយកចិត្តទុកដាក់ អំពីសុខទុក្ខប្រជាពលរដ្ឋ និងមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងអត់ស្បៀងស្លាប់នោះទេ គឺត្រូវធ្វើយ៉ាងណាជួយប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការភាព ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ ជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយអ្វីឡើយ។
លោកក៏បានបន្តទៀតថា «ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ប្រទេសកម្ពុជាបានឆ្លងផុតពីជំងឺកូវីដ១៩ ជាពិសេសកាន់តែកក់ក្តៅជាងនេះទៅទៀត គឺយើងទទួលបានវ៉ាក់សាំងប្រឆាំងនិងជំងឺកូវីដ១៩ គ្រប់ៗគ្នា»។
គិតត្រឹមយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៨៨១,៧៤៥នាក់ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២៨១,៥៣៤នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣១,៨៣២នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៥០,១៥៥នាក់
៤៖ អាយុ៥ឆ្នាំ ៣៨៣,២៧១នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៣៣៤,៩៥៣នាក់។
ពេលចែកអំណោយ លោក ហាក់ ម៉ុងហួត ក៏បានលើកឡើងថា អំណោយទាំងនេះ គឺបានមកពីសេចក្តីអាណិតស្រឡាញ់របស់សប្បុរសជន ដែលតែងតែចូលរួមជាមួយរដ្ឋបាលស្រុកតាំងគោក ដើម្បីធ្វើសកកម្មភាពមនុស្សធម៌នៅក្នុងស្រុកតាំងគោក ។ លោកក៏សូមថ្លែងអំណរគុណដល់សប្បុរសជន អាជ្ញារធភូមិ ឃុំ ដែលយកចិត្តទុកដាក់ចុះជាប់សុខទុក្ខបងប្អូន។
ជាចុងក្រោយលោក ហាក់ ម៉ុងហួត បានបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋ លោកយាយ លោកតា គ្រប់រូបយកទុកដាក់ចិត្តចំពោះជំងឺកូវីដ-១៩។
អំណោយដែលចែកជូនមាន១៥គ្រួសារ ដោយ១គ្រួសារទទួលបានអង្ករ ២៥គីឡូ មី ១កេស ត្រីខ១កេស ទឹកត្រី១យួរ៕