(បន្ទាយមានជ័យ)៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពក្រុង និងបែងចែកក្រុមការងារចុះពិនិត្យ រៀបចំសណ្តាប់ធ្នាប់ ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរតាមផ្សារ នៅក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឱ្យចូលរួមគោរព និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន។

ពេលចុះណែនាំ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ក៏មានការចូលរួមពី លោក ហឿន វីរៈ អភិបាលរងក្រុង ប៉ោយប៉ែត លោក សុខ ពេញណន នាយករងរដ្ឋបាលក្រុង ប៉ោយប៉ែត លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធអហ្ថ ក្រុងប៉ោយប៉ែត លោកវរសេនីយ៍ទោ បោន សីហា អធិការស្ដីទី នគរបាលក្រុងប៉ោយប៉ែត ព្រមទាំងមន្ត្រីរដ្ឋបាល កងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន កម្លាំងប្រជាការពារ មួយចំនួនផងដែរ។

លោក គាត ហ៊ុល បានថ្លែងថា «សូមបងប្អូនប្រជាពលរដ្ឋ គោរពតាមវិធានការសុខាភិបាល និងអនុវត្ត ៣កុំ ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ កាន់តែសកម្មថែមទៀត»