(ភ្នំពេញ)៖ ក្រុមគ្រួសារសពអ្នកជម្ងឺកូវីដ១៩ រស់នៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានទទួលគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកា ក្នុងការយកចិត្តទុកដាក់ចូលរួមរំលែកទុក្ខ ពីរដ្ឋបាលខណ្ឌ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោក ជា ពិសី នៅក្នុងសកម្មភាពមនុស្សធម៌នេះ បានអំពាវនាវដល់បង-ប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ក្នុងការកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) និងតាមរយៈការបន្តអនុវត្តវិធានការផ្សេងៗ របស់ក្រសួងសុខាភិបាល ពិសេស វិធានការ «៣កុំ និង៣ការពារ ហើយនឹង២ចូលរួម» របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ *៣ការពារ (១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ)។
*៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) ហើយនិង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ២.ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩)។

សូមជម្រាបថា សម្រាប់អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវបានរដ្ឋបាលខណ្ឌទួលគោក នាំយកមកចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពអ្នកជម្ងឺកូវីដ១៩ នាពេលនេះរួមមាន៖ ថវិកា២លានរៀល, អង្ករ២៥គីឡូក្រាម, ត្រីខ១យួរ, ទឹកស៊ីអីវ១យួរ, ម៉ាស់១ប្រអប់ និងជែល១ដប៕