(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បាននិងកំពុងចាត់ឱ្យក្រុមការងារបច្ចេកទេសចុះសិក្សាភ្លាមៗអំពីប្រព័ន្ធលូបង្ហូររំដោះទឹកចេញ ដើម្បីបញ្ជៀសរាល់ការលិចលង់ ដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា ជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោក ឯក ឃុនដឿន ក៏បានចាត់ឱ្យក្រុមការងារបច្ចេកទេសចុះសិក្សាភ្លាមៗផងដែរ អំពីអំពូលភ្លើងបំពាក់បំភ្លឺតាមដងផ្លូវ ក្នុងការលើកកម្ពស់សោភ័ណ្ឌភាព និងដើម្បីធានាដល់សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ រស់នៅក្នុងក្រុមទី៩ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
វិធានការរបស់លោក ឯក ឃុនដឿន ក្នុងការចាត់ឱ្យក្រុមការងារបច្ចេកទេសចុះសិក្សាភ្លាមៗអំពីប្រព័ន្ធលូបង្ហូររំដោះទឹកចេញ និងសិក្សាអំពីអំពូលភ្លើងបំពាក់បំភ្លឺតាមដងផ្លូវ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីទទួលបានសំណូមពរឱ្យជួយដោះស្រាយបំបាត់កង្វល់ នៅក្នុងវេទិកាសាធារណៈ ពីសំណាក់ប្រជាពលរដ្ឋ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។
លោក ឯក ឃុនដឿន នៅក្នុងវេទិកាសាធារណៈនេះ បានអំពាវនាវដល់បង-ប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ក្នុងការកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) និងតាមរយៈការបន្តអនុវត្តវិធានការផ្សេងៗ របស់ក្រសួងសុខាភិបាល ពិសេស វិធានការ «៣កុំ និង៣ការពារ ហើយនឹង២ចូលរួម» របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ *៣ការពារ (១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ)។
*៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) ហើយនិង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ២.ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩)៕