(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី នេត វណ្ណថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃក្រសួងមហាផ្ទៃ បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នេះថា រយៈពេល៥ខែ ឆ្នាំ២០១៦នេះ គ្រោះអគ្គិភ័យបានកើតឡើងចំនួន៣៦២លើក សម្លាប់មនុស្ស១៣នាក់ របួស៨នាក់ បំផ្លាញផ្ទះ៦០១ខ្នង និងតូបលក់ដូចក្នុងផ្សារចំនួន១២២០តូប។
លោក នេត វណ្ណថា បានឲ្យដឹងទៀតថា គ្រោះអគ្គិភ័យនេះ កើនឡើង ១៤លើក បើធៀបរយៈពេលគ្នាក្នុងឆ្នាំ២០១៥។
លោកឧត្តមសេនីយ៍ត្រី នេត វណ្ណថា បានឲ្យដឹងផងដែរថា គ្រោះអគ្គិភ័យទាំង៣៦២លើកនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៤៣,២៤ភាគរយ ធ្វេសប្រហែសក្នុងការប្រើប្រាស់ភ្លើង ៣៦,២៤ភាគរយ និងក្តាប់មិនបាន ២០,៥២ភាគរយ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ ក្រសួងមហាផ្ទៃទើបទិញចូលរថយន្តពន្លត់អគ្គិភ័យ ១១៣គ្រឿងបន្ថែមទៀត ដើម្បីចែកចាយទៅតាមបណ្តាខេត្ត និងរក្សាទុកនៅរាជធានីភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាព នៃប្រតិបត្តិការពន្លត់អគ្គិភ័យ ក៏ដូចជាជួយអន្តរាគមន៍ពន្លត់អគ្គិភ័យឲ្យបានទាន់ពេលវេលា៕