(កំពង់ធំ)៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ជាគណបក្សនយោបាយដែលតែងតែគិតគូរដោះស្រាយរាល់កង្វល់របស់សហគមន៍ឥស្លាម និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ តាំងពីសម័យសង្គ្រាម រហូតដល់មានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃ។
ការលើកឡើងរបស់ លោក អូស្មាន ហាស្សាន់ ធ្វើឡើងនៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសបន្ដជួបសំណេះសំណាលជាមួយ សកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
លោក អូស្មាន ហាស្សាន់ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ទាំងអស់គ្នាផងដែរ។
លោកបានលើកឡើងពីប្រវត្តិ នៃការបង្កើតគណកម្មការ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ដោយក្នុងឆ្នាំ១៩៩៨ គណៈចលនានេះត្រូវបានបង្កើតឡើងដោយ គណបក្សប្រជាជនកម្ពុជា ដែលមានភារកិច្ចជាសេនាធិការឲ្យគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំការងារចលនាសាសនិកឥស្លាមទូទាំងប្រទេស ក្នុងការអនុវត្តការងារបោះឆ្នោតតាមផែនការរបស់គណបក្ស។
បន្ថែមពីនេះ លោកបានជំរុញលើកទឹកចិត្តសកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ឲ្យបន្តរក្សាសាមគ្គីភាព បង្កើនសកម្មភាពផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានារបស់គណបក្ស ជំរុញការចូលរួមឲ្យកាន់តែសកម្មក្នុងសហគមន៍ខ្មែរឥស្លាមទូទាំងខេត្ត ក្នុងការត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។
លោកបានរំលឹកថា សហគមន៍ឥស្លាមទទួលបានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅ សិទ្ធិប្រកបមុខរបរអាជីវកម្ម សិទ្ធិប្រតិបត្តិសាសនា និងសិទ្ធិផ្សេងៗទៀត ក្នុងនាមជាពលរដ្ឋកម្ពុជា ដោយទាំងនេះ ទទួលបានពីការដឹកនាំប្រកបដោយកតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ មិនតែប៉ុណ្ណោះ សម្ដេច លោកបានផ្តល់ដល់សហគមន៍ឥស្លាមឲ្យមានឱកាសចូលរួមបម្រើការងារជួររាជរដ្ឋាភិបាល ពីថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋានជាច្រើនរូប។ ជាមួយគ្នានោះ ដោយក្នុងឆ្នាំ ២០១៥ រដ្ឋាភិបាលក៏បានផ្តល់ជូនសហគមន៍ឥស្លាមកម្ពុជានូវគ្រូក្របខ័ណ្ឌរដ្ឋចំនួន ១,៥០០នាក់ និងគ្រូកិច្ចសន្យាចំនួន ២០០ នាក់ផងដែរ។
លោកសង្ឃឹមយ៉ាងមុតមាំថា សកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នឹងបន្តខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានម្លប់សន្តិភាព និងការអភិវឌ្ឍន៍បន្តទៅទៀត៕