(កំពង់ធំ)៖ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដែលបានមកពីប្បុរសជននៃប្រទេសគុយវ៉ែត តាមរយៈសមាគមប្រភពល្អកម្ពុជា ជូនប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ។

ក្នុងនោះ ចំនួន១០០គ្រួសារ សម្រាប់ប្រជាពលរដ្ឋនៅ ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ និងចំនួន២០០គ្រួសារផ្សេងទៀត សម្រាប់ប្រជាពលរដ្ឋនៅស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់សមាគមប្រភពល្អកម្ពុជា ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយជូនប្រជាពលរដ្ឋកម្ពុជាដែលមានភាពខ្វះខាត ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនានោះឡើយ។

លោកទេសរដ្ឋមន្ត្រី បានបន្តលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា កម្ពុជាគ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។

លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះសហគមន៍ឥស្លាម ក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឲ្យទទួលជំនួយពីបរទេសដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមជារៀងរហូតមក។

ជាមួយគ្នានេះ លោកក៏បានជំរុញដល់ប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូស និងបន្តខិតខំថែរក្សាការពារជំងឺកូវីដ១៩ទាំងអស់គ្នា ជាពិសេសបន្តអនុវត្ត តាមការកំណត់របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

គួរជម្រាបថា អំណោយដែលទទួលបានពីសមាគមខាងលើសម្រាប់មួយគ្រួសាររួមមាន៖ អង្ករ២៥គីឡូក្រាម ប្រេងឆា១លីត្រ ស្ករស២គីឡូក្រាម ទឹកដោះគោ២កំប៉ុង និងអំបិល១គីឡូក្រាម ផ្លែល្មើ ១ប្រអប់ និងទឹកត្រីមួយដប៕