(ភ្នំពេញ)៖ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ បានហៅអ្នកបើករថយន្តក្រុងក្រុមហ៊ុនដឹកជញ្ជូន ថុង លី មកធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ក្រោយពីអ្នកបើករថយន្តទាំងនេះ ចតរថយន្តពេញផ្លូវ នាំឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង ស្ទើរជារៀងរាល់ថ្ងៃ តាមផ្លូវនៃទឹកដីខណ្ឌដូនពេញ។
លោក គួច ចំរើន បានប្រាប់ទៅអ្នកបើករថយន្តទាំងនោះថា ត្រូវបញ្ឈប់សកម្មភាពបែបនេះតទៅទៀត ពីព្រោះវាធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណ:យ៉ាងខ្លាំង ហើយកកស្ទះចរាចរណ៍ខ្លាំងណាស់ ដែលនាំឲ្យប្រជាពលរដ្ឋនៅតាមដងផ្លូវ ធញ់ទ្រាន់ ហើយរអ៊ូរទាំរាល់ថ្ងៃតែម្តង ពេលធ្វើដំណើរឆ្លងកាត់នៃការចត រថយន្តទាំងនេះ។
យ៉ាងណាក៏ដោយ ដោយសារតែនៅក្នុងរថយន្តមានអ្នកដំណើរពេញទៅហើយនោះ លោកអភិបាលខណ្ឌ ក៏មិនបានធ្វើការផាកពិន័យនោះឡើយ ពោលឲ្យបន្តដំណើរទៅតាមគោលដៅ ក្រោយពីអ្នកបើករថយន្ត និងតំណាងក្រុមហ៊ុន យល់ព្រមទទួលកំហុស ហើយធ្វើកិច្ចសន្យាជូនអាជ្ញាធរ៕