(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង រួមទាំងមន្ត្រីក្រោមឱវាទ បានបន្តចែកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលខ្វះខាតចំនួន៤៦គ្រួសារ ក្នុងសង្កាត់ទំនប់ទឹក និងសង្កាត់បឹងកេងកងទី២ ចំនួន៣១គ្រួសារ។

នាឱកាសនោះ លោក ធឹម សំអាន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក។

លោក ធឹម សំអាន បានលើកឡើងថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកតែងបានយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងនៅគ្រប់ទីកន្លែង ដោយមិនដែលប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬពណ៌សម្បុរអ្វីឡើយ។

លោក ធឹម សំអាន បានលើកឡើងទៀតថា ប្រជាពលរដ្ឋជនចាស់ជរា ជនពិការ ត្រូវបានចាត់ទុកថា ជាមុខសញ្ញាងាយរងគ្រោះ ហើយក៏ជាមុខសញ្ញា ត្រូវសង្រ្គោះជាបន្ទាន់ ដែលត្រូវទទួលបានអំណោយនៅពេលនេះ ដើម្បីជាការដោះស្រាយជីវភាព ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។

លោកអភិបាលខណ្ឌ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កេីនការប្រុងប្រយត្ន័បន្ថែមទៀត សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៣ការពារ និង ៣ កុំ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ឬត្រូវប្រយ័ត្នបំផុតមេរោគបំលែងថ្មីទាំងអស់គ្នា ។

ជាមួយនឹងការផ្សព្វផ្សាយឲ្យការពារពីមេរោគអូមីក្រុង ហើយនោះ លោក ធឹម សំអាន ក៏បានអំពាវនាវដល់បងប្អូន ពូមីងទាំងអស់ មេត្តាប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេសបញ្ហាអគ្គីសនី ដោយធ្វើយ៉ាងណា ពិនិត្យឲ្យបានម៉ត់ចត់ កុំមានការធ្វែសប្រហេសឲ្យសោះ។

បើតាមលោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ បានឲ្យដឹងថា អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង ១គ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូ, មី ចំនួន១៥កញ្ចប់, ត្រីខ ចំនួន៤កំប៉ុង, គោជល់ ចំនួន ៤កំប៉ុង, ម៉ាស ចំនួន១០, ទឹកត្រី និងទឹកស៉ីអ៉ីវ ចំនួន ៤ដប៕