(ភ្នំពេញ)៖ ការដោះស្រាយវិវាទរវាងបាតុករ និងក្រុមហ៊ុនណាហ្គាវើលដ៍ មិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នានៅឡើយទេ ក្នុងការសម្របសម្រួលដោយតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ ដោយភាគីទាំងអស់នឹងបន្តជួបគ្នា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះថែមទៀត។

តាមសេចក្តីប្រកាសរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅមុននេះ បានឱ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តសម្របសម្រួលវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍ ស្របតាមតួនាទីដែលមានចែងក្នុងច្បាប់ជាធរមាន ក៏ដូចជាស្របតាមស្មារតីចង់បានរបស់តំណាងភាគីកម្មករនិយោជិត ដែលចង់ជួបចរចាជាមួយក្រុមហ៊ុនផ្ទាល់។

ក្នុងការជួបប្រជុំដោះស្រាយ ជាលើកទី៨នេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់ លោក ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ដោយមានតំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រី ឈឹម សុខន, លោកស្រី រី សុវណ្ណឌី, លោកស្រី សុន ស្រីពេជ្រ និងលោកស្រី ហៃ សុភាព ដោយអវត្តមានលោកស្រី ឈឹម ស៊ីថរ ដែលមានធុរៈចាំបាច់ និងតំណាងភាគីនិយោជក រួមមាន លោក ហាយ វលាភ, លោកស្រី ឌី សីហា និងលោកស្រី រស់ ប៊ុនឡេង ដោយអវត្តមាន លោក Hein Dames ដែលមានធុរៈចាំបាច់។

តាមសេចក្តីប្រកាសបានឱ្យដឹងថា ក្នុងការប្រជុំនេះ ភាគីទាំងពីរបានលើកឡើងនូវមតិយោបល់ដូចខាងក្រោម៖

មតិរបស់សហជីព និងតំណាងភាគីកម្មករនិយោជិត៖

១៖ ជម្រើសនៃការស្នើសុំ គឺដដែល ដោយស្នើឱ្យកម្មករនិយោជិត ២០០នាក់ ដែលបានបញ្ឈប់ពីការងាររួមចូលធ្វើការងារ និងធ្វើការដោះដូរជាមួយកម្មករនិយោជិត ដែលកំពុងបម្រើការងារហើយស្ម័គ្រចិត្តឈប់ ជំនួសប្រហែល ៣០០នាក់។ ក្រុមហ៊ុនអាចទទួលយកកម្មករនិយោជិតទាំង ២០០នាក់ ដោយផ្តល់ការងារឱ្យកម្មករនិយោជិតធ្វើការឆ្លាស់វេន ចំពោះខែទី១ ចំនួន ៥០% ខែទី២ ៧០% និងកើនឡើងបន្តបន្ទាប់រហូតដល់មានវេនធ្វើការងារពេញវិញ។

២៖ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើសុំទំលាក់បទចោទចំពោះតំណាងកម្មករនិយោជិត នៃក្រុមហ៊ុន ណាហ្គាវើលដ៍ ទាំងអស់, សុំបើកការិយាល័យសហជីពឡើងវិញ និងស្នើសុំយកទូរស័ព្ទ កុំព្យូទ័រ និងសម្ភារផ្សេងៗមកប្រើប្រាស់ ដើម្បីធ្វើការទំនាក់ទំនងការងារវិញ។ បន្ថែមពីនេះ ស្នើសុំឱ្យក្រុមហ៊ុនផ្តល់ជម្រើសឱ្យមកខាងភាគីកម្មករនិយោជិត ដើម្បីឱ្យមានភាពយុត្តិធម៌ស្មើគ្នា។

មតិរបស់តំណាងក្រុមហ៊ុន ណាហ្គាវើលដ៍៖

តំណាងក្រុមហ៊ុន គឺរក្សាជំហរមិនទទួលយកកម្មករនិយោជិតចំនួន ២០០នាក់ ដែលបានបញ្ឈប់ពីការងាររួមវិញទេ។ ជាក់ស្តែង ក្រុមហ៊ុនធ្លាប់បានបញ្ជាក់រួចមកហើយថា បច្ចុប្បន្ននេះ បើទោះបីជា មានបុគ្គលិកប្រហែល ៥០០នាក់ ដែលបន្តអវត្តមានពីកន្លែងការងារ ក៏មិនមានផលប៉ះពាល់ដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនដែរ។ ម្យ៉ាងវិញទៀត បុគ្គលិកដែលកំពុងបំពេញការងារ ក៏មិនមានទាន់មានការងារធ្វើពេញលេញនៅឡើយដែរ។ ដូចនេះ ចំពោះជំហរនៃការដោះស្រាយគឺនៅបន្តដូចកន្លងមក ដោយមិនយល់ព្រមទទួលយក កម្មករនិយោជិតដែលបានបញ្ឈប់ពីការងាររួមចូលធ្វើការងារវិញនោះទេ។

ក្រោយពីការពិភាក្សាគ្នាយ៉ាងផុសផុល ភាគីទាំងពីរបានឯកភាព ដូចខាងក្រោម៖
១៖ ភាគីទាំងពីរ នៅមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នានៅឡើយទេ។
២៖ កំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី ដើម្បីឱ្យភាគីទាំងពីរមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាចឈានទៅបញ្ចប់វិវាទនេះ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមបញ្ជាក់ផងដែរថា បើទោះបីជាមិនទាន់មានការឯកភាពគ្នា ក៏ក្រសួងនឹងបន្តខិតខំធ្វើការសម្របសម្រួល និងកំណត់កាលបរិច្ឆេទប្រជុំបន្តបន្ទាប់ទៀត ស្របតាមតួនាទីដែលកំណត់ដោយច្បាប់ ក៏ដូចជាការទាមទាររបស់គូភាគី។ ជាថ្មីម្តងទៀត ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕