(ភ្នំពេញ)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក បានបន្តចុះសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ សម្ភារ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលជីវភាពខ្វះខាតដល់ប្រជាពលរដ្ឋ ចំនួន៣០គ្រួសារ។

សកម្មភាពមនុស្សធម៌របស់ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក ក្នុងការចុះសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ សម្ភារ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលជីវភាពខ្វះខាតដល់ប្រជាពលរដ្ឋ ចំនួន៣០គ្រួសារនេះ ដឹកនាំផ្ទាល់ដោយលោក ជា ពិសី អភិបាលខណ្ឌ និងមានការចូលរួមពីលោក កែវ សុភា និងលោក ហួរ ហួត ប្រធាន និងអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌ លោក ញ៉ិល លាង និងលោក ម៉ែន គឹមងន សមាជិគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌ, លោក ប៉ិច សុខឃឿន ក្រុមការងារកាកបាទក្រហមសង្កាត់ ព្រមទាំងលោក-លោកស្រី ក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌ-សង្កាត់ ស្ថិតនៅបរិវេណសាលាសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២២។

លោក ជា ពិសី ស្ថិតក្នុងឱកាសនេះ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិ សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»

លោក ជា ពិសី ក៏សូមឱ្យប្រជាពលរដ្ឋមេត្តាខិតខំថែរក្សាសុខភាពឱ្យបានល្អ ដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងចូលរួមអនុវត្តនូវវិធានការណ៍ការពារទាំងឡាយ ពីការឆ្លងជំងឺកូវីដ១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺ៖ ៣ការពារ និង ៣ កុំ ។

សូមជម្រាបថា សម្រាប់អំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក ដែលបានផ្តល់ជូនប្រជាពលរដ្ឋជួបការខ្វះខាតទាំង៣០គ្រួសារនាពេលនេះ គឺក្នុង១គ្រួសារ ទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម, ទឹកសុីអុីវ១យួរ, ត្រីខ១យួរ, ជែលលាងដៃ១ដប , និងថវិកាចំនួន៣ម៉ឺនរៀល៕