(ភ្នំពេញ)៖ រថយន្តពន្លត់អគ្គិភ័យចំនួន ១១៣គ្រឿង ត្រូវបាននាំចូលមកដល់កំពុងផែស្វយ័តក្រុងព្រះសីហនុហើយ នៅព្រឹកថ្ងៃ ទី១១ ខែឧសភា ឆ្នាំ២០១៦នេះ។ រថយន្តពន្លត់អគ្គិភ័យទាំង ១១៣គ្រឿងនេះ នឹងចែកចាយទៅតាមបណ្តាខេត្តចំនួន ៩៩គ្រឿង និងរក្សាទុកនៅនាយករដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃក្រសួងមហាផ្ទៃ។
លោកឧត្តមសេនីយ៍ត្រី នេត វណ្ណថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃក្រសួងមហាផ្ទៃ បានថ្លែង ប្រាប់ Fresh News ថា រថយន្តពន្លត់អគ្គិភ័យទាំង ១១៣គ្រឿងនេះ ត្រូវបានបញ្ជាទិញមកពីក្រុមហ៊ុនអ៉ីស៊ុយហ្សុយ ក្នុងប្រទេសចិន។
លោក នេត វណ្ណថា បានឲ្យដឹងទៀតថា រថយន្តទាំង ១១៣គ្រឿងនេះ ចែកចាយទៅតាមបណ្តាខេត្តចំនួន ៩៩គ្រឿង ហើយនិងចែកចាយបន្តទៅតាមស្រុក ដែលដាច់ស្រយ៉ាល និងប្រឈមគ្រោះអគ្គិភ័យ។ ដោយឡែករថយន្តចំនួន ១៤គ្រឿងទៀត ត្រូវរក្សា ទុកនៅនាយករដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃក្រសួងមហាផ្ទៃ ដើម្បីធ្វើប្រតិបត្តិការពន្លត់អគ្គិភ័យក្នុងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី នេត វណ្ណថា បានឲ្យដឹងផងដែរថា ការបញ្ជាទិញរថយន្តពន្លត់អគ្គិភ័យបន្ថែមនេះ ដើម្បីជួយអន្តរាគមន៍ពន្លត់អគ្គិភ័យឲ្យបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ លោក ក៏រំពឹងផងដែរថា ក្រោយការបន្ថែមនូវរថយន្តនេះ នឹងជួយធ្វើឲ្យការអន្តរាគមន៍ពន្លត់គ្រោះអគ្គិភ័យ នឹងកាន់តែទាន់ពេលវេលា និងមានប្រសិទ្ធភាពជាងមុន។
បើទោះបីជាការដាក់ចេញវិធានការ របស់ក្រសួងមហាផ្ទៃ ក្នុងការអន្តាគមន៍ពន្លត់គ្រោះអគ្គិភ័យនេះ កាន់តែខ្ពស់យ៉ាងណាក្តី តែលោក នេត វណ្ណថា នៅតែទទូចឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រុងប្រយ័ត្នឲ្យបានខ្ពស់។ លោកបញ្ជាក់ថា មានតែស្មារតីយក ចិត្តទុកដាក់ក្នុងការទប់ស្កាត់គ្រោះអគ្គិភ័យ ឲ្យបានខ្ពស់ពីប្រជាពលរដ្ឋ ទើបជាមធ្យោបាយ ដែលល្អប្រសើរបំផុត។
ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃក្រសួងមហាផ្ទៃ មិនបានបញ្ជាក់ពីទំហំទឹកប្រាក់ ដែលទិញរថយន្តទាំងអស់នេះ តែលោកបានបញ្ជាក់ថា ការទិញនេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមដេញថ្លៃ ពីក្រុមហ៊ុនជាច្រើន។
បើតាមលោក នេត វណ្ណថា នៅឆ្នាំ២០១៧ខាងមុខ ក្រសួងនឹងបញ្ជាទិញរថយន្តពន្លត់អគ្គិភ័យនេះ ចំនួន១១៣គ្រឿងបន្ថែមទៀត៕