(មណ្ឌលគិរី)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ បានក្រើនរំលឹកជាថ្មី ដល់មន្ទីរសុខាភិបាលទាំង២៥រាជធានី-ខេត្ត ត្រូវត្រៀមលក្ខណៈម្ចាស់ការជានិច្ច ដើម្បីឆ្លើយតបទាន់ពេលវេលា ក្នុងករណីជំងឺកូវីដ១៩ ងើបឡើងវិញ។
ការណែនាំរបស់លោកស្រី ឱ វណ្ណឌីន បានធ្វើឡើងក្នុងឱកាសចុះពិនិត្យការងារទូទៅនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី និងការរក្សាទុកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមន្ទីរសុខាភិបាលខេត្ត ក្រោយបញ្ចប់ការបំពេញបេសកកម្មដូចគ្នានេះ នៅខេត្តរតនគិរី ដែលមានការអមដំណើរដោយ លោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសកម្ពុជាផងដែរ។
ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ នៅខេត្តមណ្ឌលគិរី ក្នុងការទទួលសេវាព្យាបាល ឬសេវាសុខាភិបាលផ្សេងៗ ជូនដល់ប្រជាពលរដ្ឋ ពិសេសទីតាំងដែលបន្ដត្រៀមលក្ខណៈដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ បើទោះបីខេត្តភាគឦសានមួយនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់ក៏ដោយចុះ។
លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា សម្រាប់នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ក៏មានទីតាំងវះកាត់ ឬសង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺកូវីដ១៩ផងដែរ។ ជារួមគ្រូពេទ្យនៅខេត្តមណ្ឌលគិរី នៅតែបន្ដត្រៀមលក្ខណៈដដែល ដើម្បីឆ្លើយតបក្នុងករណីមានការងើបឡើងវិញ នៃជំងឺកូវីដ១៩។ លោកស្រី បានអះអាងថា បើទោះបីមានការងើបឡើងវិញ ក្រុមគ្រូពេទ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ ដោយហេតុថា ធ្លាប់ឆ្លងកាត់ដំណាក់កាលឆ្លងខ្លាំងកាលពីពេលកន្លងទៅ។
ដើម្បីកុំឲ្យស្ថានភាពនេះងើបឡើងវិញ ហើយធ្លាក់ចូលបន្ទាត់ក្រហមដូចពេលមុននោះ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលចាក់គ្រប់ដូសមូលដ្ឋាន ត្រូវបន្ដមកចាក់ដូសជំរុញ ដើម្បីបង្កើនភាពស៉ាំរបស់បុគ្គល និងភាពស៉ាំរបស់សហគមន៍។ បើតាមប្រធានគណៈកម្មការចំពោះកិច្ចរូបនេះ បច្ចុប្បន្នសន្ទុះនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានអត្រាកើនឡើងខ្ពស់ ដោយសារតែក្រុមគ្រូពេទ្យ កាន់តែបង្ខិតការចាក់នេះឲ្យកាន់គៀក ឬដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋតែម្ដង។
សូមស្ដាប់បទសម្ភាសរបស់លោកស្រី ឱ វណ្ណឌីន នៅខាងក្រោមនេះ៖