(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សួស អង្គារ៍ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវឧកញ៉ា ញឹម សុខាល័យ មានក្តីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុតចំពោះ ដំណឹងមរណភាពរបស់មហាឧបាសិកា តាន់ រ៉ាយ ត្រូវជាម្តាយបង្កើតលោក កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១១៖១៥នាទីយប់ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ នៅទីក្រុងបាងកក ប្រទេសថៃ។

នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានថ្លែងថា «ក្នុងវេលាប្រកបដោយទុក្ខសោកនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខ និងស្រណោះអាឡោះអាល័យជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ព្រោះថាការបាត់បង់ មហាឧបាសិកា តាន់ រ៉ាយ គឺជាការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក ជីដូន ជីដូនទួតប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ សម្រាប់កូន កូនប្រសារ ចៅ ចៅទួត និងញាតិមិត្តជិតឆ្ងាយទាំងអស់។ រូបកាយរបស់ មហាឧបាសិកា តាន់ រ៉ាយ បាត់បង់ទៅមែនពិត ប៉ុន្តែបានបន្សល់នូវអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរ ភាពតស៊ូអំណត់ព្យាយាម និងគម្រូវីរភាព ជាប់ក្នុងមនោសញ្ចេតនាបុត្រា បុត្រី ចៅប្រុស ចៅស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍»។

សូមវត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា តាន់ រ៉ាយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕