(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់មហាឧបាសិកា តាន់ រ៉ាយ ត្រូវជាម្តាយបង្កើតលោក កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១១៖១៥នាទីយប់ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ នៅទីក្រុងបាងកក ប្រទេសថៃ។

នៅក្នុងសាររំលែកទុក្ខដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំ និងភរិយា មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា មហាឧបាសិកា តាន់ រ៉ាយត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម បានទទួលមរណភាពកាលពីថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នៅវេលាម៉ោង ១១:១៥ នាទីយប់ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ»

សម្តេចតេជោ បានលើកឡើងថា «ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដោយក្តីសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ម្តាយ បង្កើតម្តាយក្មេក ជីដូន ជីដូនទួត ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អ របស់កូនៗ ចៅៗ ជាទីស្រឡាញ់។ ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកា តាន់ រ៉ាយ សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»