(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ គឺជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត។
លោកថ្លែងបែបនេះ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ ពេលដឹកនាំក្រុមការងារបើកវេទិការសាធារណៈស្តីពី គោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាមួយប្រជាពលរដ្ឋ នៅក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ក្នុងឱកាសនោះដែរ លោក ព្រុំ សុខា បានបញ្ជាក់យ៉ាងដូច្នេះ «សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ គឺជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត មានការរីកចម្រើនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាលកម្ពុជា»។
លោកបន្តថា ទោះបីមានសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ ប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង។
លោករដ្ឋមន្រ្តីបន្តថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន និងកៀរគរឲ្យមានការចូលរួមគាំទ្រកាន់តែច្រើនថែមទៀត រាជរដ្ឋាភិបាលសម្រេចកែលម្អលក្ខណៈសម្បត្តិនៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ព្រមទាំងលើកកម្រិតគោលនយោបាយនេះជារបស់រាជរដ្ឋាភិបាល ដែលមានគោលបំណង និងសំណូមពរ ដូចជា បន្តកសាង និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឲ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ កសាងបានជាកម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយបំផុសឲ្យមានកិច្ចសហការចូលរួមជាមួយសមត្ថកិច្ច ពីវិស័យសាធារណៈ វិស័យឯកជន អ្នកពាក់ព័ន្ធនានា និងប្រជាពលរដ្ឋនៅទូទាំងប្រទេស៕