(សៀមរាប)៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដែលបានមកពីប្បុរសជននៃប្រទេសគុយវ៉ែត តាមរយៈសមាគមប្រភពល្អកម្ពុជា ជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ក្នុងឱកាសនៃការសំណេះសំណាលខាងលើ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់ សមាគមប្រភពល្អកម្ពុជា ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយជូនប្រជាពលរដ្ឋកម្ពុជាដែលមានភាពខ្វះខាត ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនានោះឡើយ។
ទេសរដ្ឋមន្ត្រី បានបន្តលើកឡើងថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា កម្ពុជាគ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះសហគមន៍ឥស្លាម ក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឲ្យទទួលជំនួយពីបរទេសដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមជារៀងរហូតមក។
ក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រីក៏បានរំលឹកនូវសមិទ្ធផលជាច្រើនដែលសហគមន៍ឥស្លាមទទួលបានពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សាសនិកឥស្លាមមានឱកាសដើម្បីបានចូលបម្រើការងារជូនរដ្ឋ ពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន។ គ្រូបង្រៀនខ្មែរឥស្លាម ១៥០០នាក់ ត្រូវបានដាក់បញ្ចូលទៅក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំយុវជន និងកីឡា។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញដល់ប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូស និងបន្តខិតខំថែរក្សាការពារជំងឺកូវីដ១៩ ទាំងអស់គ្នា ជាពិសេសបន្តអនុវត្ត តាមការកំណត់របស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ។
គួរជម្រាបផងដែរថា អំណោយដែលទទួលបានពីសមាគមខាងលើសម្រាប់មួយគ្រួសាររួមមាន៖ អង្ករ២៥គីឡូក្រាម ប្រេងឆា១លីត្រ ស្ករស២គីឡូក្រាម ទឹកដោះគោ២កំប៉ុង និងអំបិល១គីឡូក្រាម ផ្លែល្មើ ១ ប្រអប់ និងទឹកត្រីមួយដប៕