(ភ្នំពេញ)៖ កម្លាំងអន្តរាគមន៍បង្ក្រាបសត្វព្រៃ នៃរដ្ឋបាលព្រៃឈើ រួមសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ បានចុះឆែកឆេរ និងបង្ក្រាបទីតាំងលក់សាច់សត្វព្រៃមួយកន្លែងស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក អ៊ុន វណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានឱ្យដឹងថា មុនឈានដល់ការបង្ក្រាបកម្លាំងសមត្ថកិច្ច ចម្រុះ បានធ្វើការស្រាវជ្រាវរហូត កំណត់ច្បាស់ថា ទីតាំងនេះ ពិតជាមានលួចលក់សត្វព្រៃខុសច្បាប់ប្រាកដមែន ទើបកម្លាំងចុះត្រួតពិនិត្យឆែកឆេររកឃើញសាច់ជ្រូកព្រៃស្រស់ ចំនួន ៥.៥០គីឡូក្រាម សាច់សត្វឈ្លូសចំនួន១០គីឡូក្រាម។

ក្រោមពិនិត្យឃើញជាក់ស្តែង សមត្ថកិច្ចបានដកហូតសាច់ព្រៃទាំងនោះ និងបានណែនាំទៅលើកម្ចាស់ទីតាំងរួមទាំងធ្វើការពិន័យ ទៅតាមផ្លូវច្បាប់ដោយ មិនមានការ ឃាត់មនុស្សនោះទេ។

លោក អ៊ុន វណ្ណារិទ្ធ ប្រាប់បញ្ជាក់ឱ្យដឹងថា ក្នុងប្រតិបត្តិការសង្ក្រាបនេះមិនមានការឃាត់មនុស្សនោះទេ ពីព្រោះសត្វព្រៃប្រភេទនេះតាមច្បាប់គឺសត្វព្រៃមានដោយបង្គួរ។ ការបង្ក្រាបនេះដោយសារម្ចាស់ទីតាំង Live លក់ តាមប្រព័ន្ធ Online៕