(សៀមរាប)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត គឺពិតជាសក្តិសមបំផុតសម្រាប់ការបន្តវេនដឹកនាំជាតិមាតុភូមិកម្ពុជា ពីព្រោះថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាយុវជនពោរពេញដោយសក្តានុពល និងជាឥស្សរជនខ្មែរវ័យក្មេងដ៏ឆ្នើមមួយរូប ប្រកបដោយសមត្ថភាព ទេពកោសល្យ បទពិសោធន៍ គុណធម៌ សីលធម៌ ចរិយាធម៌ និងភាពជាអ្នកដឹកនាំជាន់ខ្ពស់ ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ការលើកឡើងរបស់ លោកបណ្ឌិត អូស្មាន ហាស្សាន់ ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ ក្នុងឱកាសបន្តជួបសំណេះសំណាល ជាមួយសកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប ដើម្បីត្រៀមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដោយពិធីខាងលើក៏មានការអញ្ជើញចូលរួមពី លោក អ៊ុន ឃុន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈប្រចាំការគណៈអចិន្រ្តៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប, លោក ឯក សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណចលនាសាសនិកឥស្លាមខេត្តសៀមរាប ,លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមកម្ពុជា, សកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាបជាច្រើនរូបផងដែរ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានជំរុញលើកទឹកចិត្តជាមួយសកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប ឲ្យបន្តរក្សាសាមគ្គីភាព បង្កើនសកម្មភាពផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានារបស់គណបក្ស ជំរុញការចូលរួម ឲ្យកាន់តែសកម្មក្នុងសហគមន៍ខ្មែរឥស្លាមទូទាំងខេត្ត ក្នុងការត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ នាពេលខាងមុខ។

ជាពិសេសទៀតនោះ ជំរុញឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដោយលោកបានសង្កត់ធ្ងន់ថា ពលរដ្ឋមួយរូប គឺជាសន្លឹកឆ្នោតមួយសន្លឹក ដើម្បីសម្រេចជោគវាសនាប្រទេសជាតិ។

បន្ថែមពីនេះ លោកបណ្ឌិត ក៏បានរំលឹកនូវសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជា ទទួលបានពីរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សហគមន៍ឥស្លាមទទួលបានសិទ្ធិពេញលេញក្នុងការរស់នៅ និងសិទ្ធិប្រតិបត្តិសាសនា។ លើសពីនោះទៀតនោះ សហគមន៍ឥស្លាមកម្ពុជា ក៏មានឱកាសចូលរួមបម្រើការងារជួររដ្ឋាភិបាល ចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋានជាច្រើនរូប ហើយក្នុងឆ្នាំ ២០១៥ រដ្ឋាភិបាលក៏បានផ្តល់ជូន សហគមន៍ឥស្លាមកម្ពុជានូវគ្រូក្របខ័ណ្ឌរដ្ឋ ចំនួន១,៥០០នាក់ផងដែរ។

លោកបណ្ឌិត ក៏បានរំលឹក និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើរៀបចំឲ្យមានយ៉ាងហោចណាស់ អភិបាលរងស្រុក-ខណ្ឌ និងអភិបាលរងខេត្តម្នាក់ ដែលមានសម្ថភាព សម្រាប់មូលដ្ឋាន ដែលមានសាសនិកឥស្លាម រស់នៅច្រើន ដើម្បីភាពងាយស្រួលទំនាក់ទំនងក្នុងសហគមន៍ និងសុខដុមរមណីសាសនា។

លោកបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូបឲ្យយល់ពីតំលៃសន្តិភាព និងរួមគ្នាថែរក្សាវាឲ្យបានល្អគង់វង្ស ព្រោះមានតែសន្តិភាពនេះ ដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយប្រជាជនក៏មានសិទ្ធិរស់ជួបជុំ ពូជពង្សវង្សត្រកូល និងសាច់ញាតិដោយភាពសប្បាយរីករាយ។

លោកបន្តថា ដូចឧទាហរណ៍នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ ដែលបាន និង កំពុងបង្ហាញរូបរាងដ៏ស្រស់ត្រកាលនៅលើទឹកដីអង្គរនាពេលនេះ គឺជាសមិទ្ធផលដ៏ត្រចះត្រចង់មួយ បន្ថែមទៀតដែលបានសាងសង់ឡើង និងជាចំណងដៃដ៏ពិសិដ្ឋថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកខេត្តសៀមរាបទាំងអស់ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដើម្បី ប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង ព្រមទាំងលើកម្ពស់នូវតំបន់ទេសចរណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា៕