(ភ្នំពេញ)៖ ប្រទេសកម្ពុជា ជាប្រទេសដែលកំពុងតែស្ថិតក្នុងការប្រកួតប្រជែង រវាងមហាអំណាចទាំងពីរ គឺចិន និងសហរដ្ឋអាមេរិក ហើយបើទោះបីជាមានបញ្ហាចម្រូងចម្រាសជាច្រើន ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់កម្ពុជា ទាំងលើផ្នែកសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ និងលាយឡំដោយក្តីបារម្ភក្តី ក៏គេនៅតែមើលឃើញថា កម្ពុជាដែលពេលនេះជាប្រធានអាស៊ាន (ASEAN) ប្តូរវេនជាលើកទីបី នៅតែមានឥទ្ធិពលក្នុងតួនាទីរបស់ខ្លួនជាប្រទេសអធិបតេយ្យមួយដដែល។

ដោយសារភូមិសាស្ត្រនយោបាយ និងជាប្រធានអាស៊ាន (ASEAN) ប្តូរវេន កម្ពុជាមានទម្ងន់នយោបាយខ្លាំងនៅពេលនេះ ក្នុងចំណោមមហាអំណាចអាមេរិក និងចិន ដោយសារមហាអំណាច និងប្រទេសមួយចំនួនត្រូវការពឹងកម្ពុជា និងធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទាំងទ្វេភាគី និងពហុភាគី។ សម្រាប់កម្ពុជាដែលពេលនេះជាប្រធានអាស៊ានប្តូរវេន និងកិច្ចប្រជុំកំពូលអាស៊ីខាងកើត (East Asia Summit-EAS) មានភារកិច្ចរួមចំណែកដោះស្រាយលើបញ្ហាតំបន់ ដូចជាបញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ ឬបញ្ហាអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង និងបញ្ហាសកលជាច្រើនទៀត រួមទាំងបញ្ហាជំងឺកូវីដ១៩ បញ្ហាបរិស្ថាន បញ្ហានយោបាយ បញ្ហាសេដ្ឋកិច្ច បញ្ហាសន្តិសុខ ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។

សម្រាប់សហរដ្ឋអាមេរិក ត្រូវការអាស៊ានជាចាំបាច់ ដើម្បីយកវេទិកានេះទប់ឥទ្ធិពលរបស់ចិនក្នុងតំបន់ គឺកៀរគរការគាំទ្រពីបណ្តាប្រទេសដែលជាសមាជិកអាស៊ាន ដូច្នេះចង់ឬមិនចង់ កម្ពុជាជាប្រធានអាស៊ាននាឆ្នាំនេះ អាមេរិកពិតជាមានការប្រយ័ត្នប្រយែង ក្នុងការប្រើពាក្យសម្តី និងទង្វើរបស់ខ្លួនក្នុងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា បើទោះបីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅតែបន្តមានភាពមិនទាន់ស៊ីជម្រៅដោយសារទស្សនៈរបស់អាមេរិក លើបញ្ហាសិទ្ធមនុស្ស លិទ្ធិប្រជាធិបតេយ្យ និងភូមិសាស្ត្រនយោបាយរបស់កម្ពុជាក្តី។ ទន្ទឹមនឹងនេះដែរ ភាពតានតឹងនៃការប្រកួតប្រជែងអំណាចរវាងសហរដ្ឋអាមេរិក និងចិន នៅតែបន្តភាពស្មុគស្មាញក្នុងតំបន់ និងពិភពលោកទាំងមូល ហើយវាក៏ ជាក្ដីកង្វល់របស់កម្ពុជាផងដែរ ដោយសារប្រទេសកម្ពុជា និងប្រទេសចិន ក៏ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក៏ជាមិត្តដែកថែប និងជាសហគមន៍នៃជោគវាសនារួមគ្នាផងដែរ។

ចំណែកប្រទេសចិន បានរះឡើងក្នុងតំបន់អាស៊ានយ៉ាងលឿន ដោយពង្រីកកិច្ចសហប្រតិបត្តិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងសន្តិសុខ ជាមួយបណ្តាប្រទេសនានាក្នុងតំបន់រួមទាំងកម្ពុជា នៅក្នុងអំឡុងពេលដែលរដ្ឋបាល លោក Donald Trump មិនបានយកចិត្តទុកដាក់ចំពោះសម្ព័ន្ធមិត្ត និងបញ្ហារបស់សម្ព័ន្ធមិត្ត ដោយបានផ្តោតតែទៅលើគោលនយោបាយដែលគិតគូរពីប្រទេសអាមេរិកជាមុន (America First) ទើបប្រទេសចិន បានបង្កើនល្បឿនយ៉ាងលឿន ចំពោះកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា និងសមាជិកអាស៊ានផ្សេងទៀត ទោះបីជាប្រទេសទាំងនោះជាសម្ព័ន្ធមិត្តរបស់អាមេរិកក៏ដោយ។

* រហូតមកទល់ពេលនេះ តើកម្ពុជាទទួលបានផលប្រយោជន៍អ្វីខ្លះ និងជួបប្រទះបញ្ហាប្រឈមអ្វីខ្លះ ពីការប្រកួតប្រជែងអំណាចរវាងមហាអំណាចទាំងពីរ?

តាំងពីដើមរៀងមក ទំនាក់ទំនងរវាងប្រទេសតូចតាច ជាមួយប្រទេសមហាអំណាច ជាពិសេស នាពេលនេះ មហាអំណាចទាំងពីរ ចិន-អាមេរិក ជាទំនាក់ទំនងដែលមិនអាចកាត់ផ្តាច់បានទាំងលើវិស័យពាណិជ្ជកម្ម វិនិយោគ នយោបាយ និងសន្តិសុខ ហើយពិសេសបំផុតនោះ គឺប្រទេសអភិវឌ្ឍតិចតួច និងប្រទេសកំពុងអភិវឌ្ឍដែលត្រូវការមានទំនាក់ទំនងជាមួយប្រទេសទាំងនោះ ជាចាំបាច់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។

* កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម

ទំនាក់ទំនងរវាងកម្ពុជា និងប្រទេសចិន មានការការីកចម្រើនទៅមុខជាលំដាប់។ ចិនបានក្លាយជាប្រទេសដែលបានដាក់ទុនវិនិយោគច្រើនជាងប្រទេសណាៗទាំងអស់នៅកម្ពុជា។ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន បានកើនឡើងដល់ជាង១១ពាន់លានដុល្លារ ក្នុងរយៈពេល១២ខែ នៃឆ្នាំ២០២១ ឬកើនឡើងដល់ ៣៧.២៨% បើប្រៀបធៀប និងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ដែលក្នុងនោះ មានជាង ៩ពាន់លានដុល្លារដុល្លារ ជាតម្លៃទំនិញដែលកម្ពុជា នាំចូលពីប្រទេសចិន។

ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រាប់ឆ្នាំ២០២២ នឹងអាចកើនឡើងថែមទៀត ដោយសារប្រទេសទាំងពីរ បានអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និង ការពន្លឿនល្បឿន នៃការចរចានីតិវិធីបែបបទរវាងភាគីទាំងពីរ លើមុខទំនិញកសិផលដែលមានអត្ថប្រយោជន៍នាំចេញ របស់កម្ពុជា ទៅកាន់ទីផ្សារចិន។

តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាគីរវាងកម្ពុជា-ចិន និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលបាន ចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នឹងជំរុញការនាំចេញរបស់កម្ពុជា ទៅទីផ្សារប្រទេសចិន ឱ្យបានច្រើនថែមទៀត ខណៈកម្ពុជាទទួលបានវិនិយោគិនថ្មីៗ ជាបន្តបន្ទាប់ក្នុងការផលិតទំនិញនានា ពិសេសផលិតផលកសិកម្ម សម្រាប់នាំចេញទៅទីផ្សារដ៏ធំក្នុងពិភពលោកមួយនេះ។ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារចិន គឺជាផលិតផលកសិកម្មនេះឯង ដោយមានទាំង វារីវប្បកម្ម ទាំងបសុសត្វ និងបសុបក្សី ដំណាំ កសិផលផ្សេងៗ រួមទាំងកសិឧស្សាហកម្មជាដើម។

ដោយឡែកបើយោងតាមរបាយការណ៍របស់ការិយាល័យជំរឿនអាមេរិកបានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកមានទំហំ ៨៧៥.៥លានដុល្លារ ដែលបានកើនឡើងប្រមាណ ៤២.៤៧% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានទំហំត្រឹមតែ ៦១៤.៥លានដុល្លារ។ ការនាំទំនិញពីកម្ពុជាចូលទៅសហរដ្ឋអាមេរិក សម្រាប់ខែមករា ឆ្នាំ២០២២ គឺមានទំហំជាទឹកប្រាក់ ៨៤៧.៦លានដុល្លារ ដែលមានការកើនឡើងប្រមាណ ៤៥.៩៨% ធៀបនឹងខែមករា ឆ្នាំ២០២១កន្លងទៅ ដែលមានត្រឹមតែ ៥៨០.៦លានដុល្លារ។ ប៉ុន្តែការនាំចូលទំនិញពីសហរដ្ឋអាមេរិក មកកម្ពុជាវិញមានការធ្លាក់ចុះធៀបនឹងរយៈពេលដូចគ្នា ពោលគឺកម្ពុជាបាននាំទំនិញពីអាមេរិក មកក្នុងទំហំទឹកប្រាក់ ២៧.៩លានដុល្លារ ដែលបានធ្លាក់ចុះប្រមាណ១៧.៦៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានទំហំ ៣៣.៩លានដុល្លារ។

ក្នុងរយៈពេល១២ខែ នៃឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទំហំជាង ៩.១៥ពាន់លានដុល្លារ កើនឡើងប្រមាណ ៣២.៦១% ធៀបនឹងរយៈពេល ១២ខែ កាលពីឆ្នាំ២០២០ ដែលមានទំហំត្រឹមតែជាង ៦.៩ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យ ពីការិយាល័យជំរឿនរបស់អាមេរិក។ ទំនិញភាគច្រើន ដែលកម្ពុជា នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក គឺជាទំនិញវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ និងកាបូប រួមនឹងទំនិញកសិកម្មមួយចំនួន ដែលក្រោមកម្មវិធីអនុគ្រោះពន្ធទូទៅរបស់ សហរដ្ឋអាមេរិក (Generalized System of Preferences-GSP)។ GSP នេះបានផុតរលត់សុពលភាពរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេស និងដែនដី១១៩ទៀត កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ហើយនៅមិនទាន់ទទួលបាន សុពលភាពឡើងវិញនៅឡើយ។

យើងសង្កេតឃើញថា កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន ថ្វីត្បិតតែមានអតុល្យភាពនៃការនាំចេញក៏ពិតមែន ប៉ុន្តែដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន(CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កម្ពុជាពិតជានឹងអាចបង្កើតទំហំនៃការនាំចេញឱ្យបានកាន់តែខ្ពស់បន្ថែមទៀត ដោយបង្កើនការផលិត ក្នុងស្រុកបន្ថែមទៀត។

ប៉ុន្តែសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអាមេរិក ក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក (Generalized System of Preferences-GSP) វាហាក់ដូចជាផុយស្រួយណាស់សម្រាប់កម្ពុជា ដែលជាប្រទេសកំពុងរងការដាក់សម្ពាធពីសហរដ្ឋអាមេរិក លើបញ្ហាសិទ្ធមនុស្ស លទ្ធិប្រជាធិបតេយ្យ ពុករលួយ បញ្ហាប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងចិន និងអាមេរិក ប៉ុន្តែបច្ចុប្បន្នសហរដ្ឋអាមេរិកជាទីផ្សារដ៏ធំសម្រាប់ការនាំចេញរបស់កម្ពុជា និងជាអ្នកជួយរកទីផ្សារកម្លាំងពលកម្មក្នុងប្រទេសកម្ពុជាយ៉ាងសន្ធឹកសន្ធាប់។

* កិច្ចសហប្រតិបត្តិការផ្នែកវិនិយោគ

ការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជា បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២១ បើទោះបីជាឥទ្ធិពលអវិជ្ជមាននៃការរាតត្បាតដោយជំងឺកូវីដ១៩ ក្តី ដែលនេះពិតជាឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់អ្នកវិនិយោគចិន លើបរិយាកាសធុរកិច្ចរបស់កម្ពុជា។

ប្រទេសកម្ពុជា បានទាក់ទាញការវិនិយោគ ទ្រព្យសកម្មថេរចំនួន ២.៣២ពាន់លានដុល្លារ ពីប្រទេសចិនក្នុងឆ្នាំ២០២១ កើនឡើង ៦៧% គឺកើនពី ១.៣៩ពាន់លានដុល្លារ កាលពីឆ្នាំក្នុងឆ្នាំ២០២០ នេះបើយោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ប្រទេសចិននៅតែជាអ្នកវិនិយោគបរទេសកំពូលសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលមានចំនួន ៥៣.៤% នៃការវិនិយោគសរុបចំនួន ៤.៣៥ពាន់លានដុល្លារ ដែលកម្ពុជា បានអនុម័តកាលពីឆ្នាំ២០២១។ ការវិនិយោគរបស់ចិន នៅកម្ពុជាផ្តោតលើវិស័យ អចលនទ្រព្យ កាត់ដេរសម្លៀកបំពាក់ស្បែកជើង និងឧស្សាហកម្មផលិតផលធ្វើដំណើរវិស័យទេសចរណ៍ កសិកម្ម និងវិស័យវិស័យផ្សេងៗទៀត។

ដោយឡែកការវិនិយោគរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសកម្ពុជា គឺស្ថិតក្នុងលំដាប់ទីពីរ បន្ទាប់ពីប្រទេសចិន ដែលក្នុងឆ្នាំ២០២១ មានទុនវិនិយោគចំនួនជាង ១៦៣លានដុល្លារ។ ដែលបានដាក់ទុនវិនិយោគលើក្រុមហ៊ុនមួយចំនួន រួមមាន៖ ក្រុមហ៊ុន Coca Cola ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន FordMotor ក្រុមហ៊ុន Amazon ក្រុមហ៊ុន Walmart ក្រុមហ៊ុន Pernod Ricard ក្រុមហ៊ុន Visa និងក្រុមហ៊ុន Jhpiego ជាដើម។

យើងសង្កេតឃើញថា បើប្រៀបធៀបការវិនិយោគរបស់ប្រទេសទាំងពីរនៅកម្ពុជា គឺមានគម្លាតគ្នាដូចមេឃនិងដី។ ប្រទេសចិន ប្រកាន់គោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ការដាក់ទុកវិនិយោគ គឺអាស្រ័យលើច្បាប់វិនិយោគដែលកម្ពុជាកំពុងអនុវត្ត និងទទួលបានការលើកទឹកចិត្ត ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ទំនាក់ទំនងជិតស្និទ្ធ មិត្តភាពដែកថែប និងគំនិតផ្តួចផ្តើមខ្សែ ក្រវាត់ និងផ្លូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាកត្តាចម្បងដែលលើកទឹកចិត្តអ្នកវិនិយោគចិនកាន់តែច្រើនមកកម្ពុជា។

ទំហំទុនវិនិយោគដ៏ច្រើនរបស់វិនិយោគិនចិននៅកម្ពុជា ធ្វើឱ្យការវិនិយោគរបស់ចិនឈរនៅលំដាប់ទី១ ដែលនឹងជួយជំរុញ និងពន្លឿនសមត្ថភាពកម្ពុជា ពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងជួយស្តារសង្គមសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ១៩។ ចំណែកវិនិយោកគិនអាមេរិកភាគច្រើន ហាក់បីដូចជានៅមិនទាន់មាន ជំនឿចិត្តមកកម្ពុជានៅឡើយ ដោយសារទស្សនៈរបស់អាមេរិក លើបញ្ហាសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ ពុករលួយ និងភូមិសាស្ត្រនយោបាយរបស់កម្ពុជា និងនៅតែបន្តមានភាពមិនទាន់ស៊ីជម្រៅ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-អាមេរិក។

* កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខ

ទំនាក់ទំនងរវាងចិន និងកម្ពុជា បន្តមានភាពជាប់លាប់ជានិច្ច បើទោះបីជាកម្ពុជាត្រូវធ្លាក់ទៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដ៏ខ្មៅងងឹតក៏ដោយ។ ទំនាក់ទំនងកាន់តែមានភាពប្រសើរឡើងរវាងប៉េកាំង និងភ្នំពេញ បានស្ដែងឱ្យឃើញកាន់តែច្បាស់ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចជាញឹកញាប់រវាងប្រមុខដឹកនាំ និងមន្ដ្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជាជំនួយរបស់ចិន ដល់កម្ពុជា។

បើនិយាយពីទំនាក់ទំនងក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយកម្ពុជា ប្រទេសចិនឈរនៅលំដាប់ទី១ លើវិស័យជាច្រើន ដូចជា ការវិនិយោគទំហំពាណិជ្ជកម្មទ្វេភាគី និងទេសចរណ៍ជាដើម។ ក្នុងមួយឆ្នាំៗ មានក្រុមហ៊ុនចិនរាប់រយ បានចុះបញ្ជីវិនិយោគនៅកម្ពុជា ដែលមានដើមទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក។ កាលពីឆ្នាំ២០២០កន្លងទៅទៀតសោត កម្ពុជា និងចិន បានសម្រេចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយតាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលកម្ពុជារំពឹងថា ការនាំចេញពីកម្ពុជាទៅចិន នឹងមានការកើនឡើងប្រមាណ២៥%ទៀត។ ទន្ទឹមគ្នានេះ ទំហំហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលចិនដល់កម្ពុជា ទាំងឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ក៏ឈរនៅលំដាប់ទី១ផងដែរ។ ដោយឡែកនៅក្នុងបរិបទជំងឺកូវីដ១៩ ដែលរាតត្បាតពាសពេញពិភាពលោក ប្រទេសចិន គឺជាប្រភពផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងដែលអាចជឿទុកចិត្តបានតែមួយគត់ ដល់កម្ពុជា និងបានជួយឱ្យកម្ពុជាទប់ស្កាត់ការរីករាលដាលបានស្ទើរតែទាំងស្រុង។

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានចេញប្រតិកម្មភ្លាមៗ ក្រោយពីអាមេរិកបានសម្រេចដាក់ទណ្ឌកម្មបន្ថែមមកលើកម្ពុជា ដោយរឹតបន្តឹងការលក់ដូរអាវុធ និងសម្ភារៈយោធាដល់កម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ និងបានហៅការសម្រេចរបស់អាមេរិកថា ជាឧបាយកលប៉ុនប៉ងបំបែកបំបាក់ទំនាក់ទំនងចិន-កម្ពុជា ហើយនៅទីបំផុតអាមេរិកនឹងត្រូវទទួលរងបរាជ័យ។

ប្រទេសទាំងពីរ កម្ពុជា និងចិន បន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពប្រកបដោយការជឿទុកចិត្តការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា និងការគោរពគ្នាទៅវិញទៅមក រួមជាមួយនឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ចិន ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក ការអភិវឌ្ឍ រីកចម្រើនរួមគ្នា និងការរួមសុខរួមទុក្ខ លើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដូចដែលស្តែងឡើង តាមរយៈកិច្ចខិតខំប្រឹងប្រែងជួយគ្នា និងឧបត្ថម្ភគាំទ្រគ្នា ទៅវិញទៅមក ក្នុងកាលៈទេសៈនៃការរាតត្បាតសាកលនៃជំងឺកូវីដ១៩ កន្លងមកនេះ។

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ភាគីទាំងពីរ បានចុះហត្ថលេខារួមគ្នាលើអនុស្សារណៈនៃការយោគយល់ស្តីពី «កិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន» ក្នុងគោលបំណងដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជិតស្និទ្ធយូរអង្វែងរវាងកងទ័ពជើងគោកទាំងពីរ ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក។ នេះគឺជាមូលដ្ឋានមួយដ៏សំខាន់ នៅក្នុងការត្រួសត្រាយផ្លូវ ដើម្បីឈានទៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ឱ្យមានកម្រិតកាន់តែខ្ពស់ឡើងបន្ថែមទៀត ហើយព្រឹត្តិការណ៍នេះអាចចាត់ទុកថា ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតនៃទំនាក់ទំនងរវាង កងទ័ពជើងគោកទាំងពីរផងដែរ។

ឆ្នាំ២០២២ ជាឆ្នាំដែលប្រទេសកម្ពុជា ធ្វើជាប្រធានអាស៊ានប្តូរវេនជាលើកទីបី លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រកាសគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ ហើយលោកថា អាស៊ាន និងចិន ត្រូវធ្វើយ៉ាងណារួមចំណែករក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងវិបុលភាព នៅក្នុងតំបន់។ នេះបើយោងតាមជំនួបពិភាក្សាការងារតាមទូរស័ព្ទរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ កន្លងទៅ។ ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ប្រាំចំណុចរបស់អាស៊ាន លើបញ្ហានៅមីយ៉ាន់ម៉ា ប្រទេសចិន ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់បេសកកម្មរបស់លោក ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ាន ទៅដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។

ក្រៅពីផលប្រយោជន៍ទាំងនេះដែលកម្ពុជាទទួលបានពីសម្ព័ន្ធភាពជាមួយចិន ក៏មានដែរនូវផលប្រយោជន៍ផ្នែកភូមិសាស្ត្រនយោបាយ។ តាមរយៈការពង្រឹងទំនាក់ទំនងគ្រប់ជ្រុងជ្រោយជាមួយចិន កម្ពុជាក៏អាចកាត់បន្ថយឥទ្ធិពល របស់ប្រទេសមួយចំនួនមកលើខ្លួនផងដែរ។ ចំណែកប្រទេសចិន ត្រូវការការគាំទ្រពីកម្ពុជា សម្រាប់គោលនយោបាយចិនតែមួយ និងគោលនយោបាយខ្សែក្រវាត់ និងផ្លូវ ហើយតាមរយៈទំនាក់ទំនងនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា និងបណ្តាប្រទេសមួយចំនួនទៀតក្នុងតំបន់ ចិនកំពុងតែព្យាយាមបន្ថយ ឬខ្ទប់ឥទ្ធិពលរបស់អាម៉េរិកនៅអាស៊ីប៉ាស៊ីហ្វិក និងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ាន។

ក្នុងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខជាមួយសហរដ្ឋអាមេរិក គិតរហូតមកទល់ពេលនេះ ហាក់ដូចជាមានភាពរកាំរកូសនៅឡើយ។ ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយកម្ពុជា ត្រូវបានតាក់តែង និងរៀបចំដោយផ្អែកលើយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកឆ្ពោះមកកាន់អាស៊ី (Pivot to Asia Strategy) ដែលជាយុទ្ធសាស្ត្រមានលក្ខណៈជីវភាព និងទូលំទូលាយ។

យុទ្ធសាស្ត្រនេះ ផ្តោតលើសកម្មភាពជាច្រើន រួមមានការពង្រឹង សម្ព័ន្ធភាពសន្តិសុខទ្វេភាគី ការបង្កើតវត្តមានយោធាដែល មានមូលដ្ឋានទូលំទូលាយ ការចូលរួមក្នុងយន្តការស្ថាប័នពហុភាគីក្នុងតំបន់ ការពង្រីកពាណិជ្ជកម្ម និងវិនិយោគ និងការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាដើម ដែលការណ៍នេះ មិនត្រឹមតែដើម្បីសម្រេចផលប្រយោជន៍ ជាយុទ្ធសាស្ត្រ និងគុណតម្លៃរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន នៅអាស៊ីអាគ្នេយ៍ផងដែរ។

ផលប្រយោជន៍របស់សហរដ្ឋអាមេរិក នៅកម្ពុជា រួមមាន៖ ការជំរុញការអភិវឌ្ឍពាណិជ្ជកម្ម ការវិនិយោគ បញ្ហាសន្តិសុខក្នុងតំបន់ ការពង្រឹងគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាពិសេស គឺផលប្រយោជន៍ខាងភូមិសាស្ត្រនយោបាយ ដែលសហរដ្ឋអាមេរិកកំពុងប្រកួតប្រជែងយ៉ាងស្រួចស្រាលជាមួយចិន។ ការធ្វើឱ្យមានទំនាក់ទំនងល្អជាមួយកម្ពុជា សហរដ្ឋអាមេរិក មិនត្រឹមតែសម្រេច បាននូវផលប្រយោជន៍ និងគុណតម្លៃរបស់សហរដ្ឋអាមេរិក ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទប់ទល់នឹងឥទ្ធិពលរបស់ចិន នៅអាស៊ីអាគ្នេយ៍ទៀតផង។ ផ្ទុយទៅវិញសហរដ្ឋអាមេរិក បែរជាបន្ថែមសម្ពាធដល់កម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារ ទី១ ខែមិថុនា ឆ្នាំ២០២១ អ្នកស្រី Wendy Sherman អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិកដែលបានជួប សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន, លោកស្រីបានបង្ហាញការព្រួយបារម្ភខ្លាំងក្លា ចំពោះវត្តមានរបស់យោធាចិននៅកម្ពុជា និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានានៅសមុទ្ររាមក្នុងខេត្តព្រះសីហនុ និងស្វែងរកការបំភ្លឺទៅលើការវាយកម្ទេចសំណង់អគាររបស់អាមេរិក នៅសមុទ្ររាម ដោយពុំមានការជូនដំណឹង ឬសេចក្តីពន្យល់ដល់អាមេរិក ដោយអ្នកស្រីបានសង្កត់ធ្ងន់ថា វត្តមានមូលដ្ឋានយោធារបស់ចិននៅកម្ពុជា នឹងធ្វើឱ្យមានភាពទន់ខ្សោយនៃអធិបតេយ្យភាពរបស់កម្ពុជា គំរាមកំហែងដល់សន្តិសុខតំបន់ និងប៉ះពាល់ជាអវិជ្ជមានលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកស្រី ក៏បានជំរុញឱ្យការដឹកនាំរបស់កម្ពុជា ត្រូវរក្សានូវគោលនយោបាយការបរទេសដែលមានតុល្យភាពនិងឯករាជ្យមួយ ដើម្បីជាប្រយោជន៍ដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជា។ ក្រៅពីបញ្ហាកំពង់ផែនេះ សហរដ្ឋអាមេរិក នៅបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន ដែលមកដាក់ទុនវិន្និយោគនៅកម្ពុជា និងលើមន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួនទៀត ដោយយកលេសរំលោភសិទ្ធមនុស្ស និងពុករលួយ។

នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ អាមេរិក បានសម្រេចដាក់ទណ្ឌកម្មបន្ថែមទៀតលើកម្ពុជា ដោយរឹតបន្តឹងការលក់ដូរអាវុធ និងសម្ភារៈយោធាដល់កម្ពុជា។ ការដាក់ទណ្ឌកម្មនេះ ត្រូវបានលោកស្រី Gina Raimondo រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអាម៉េរិក ពន្យល់ថា ធ្វើឡើងដោយសារការកើនឡើងនៃឥទ្ធិពលយោធាចិន នៅកម្ពុជា។ សម្រាប់អាមេរិក ទណ្ឌកម្មនេះ គឺដាក់ចេញដើម្បីជំរុញឱ្យកម្ពុជា ងាកមកគិតគូរពីការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយនៅក្នុងប្រទេស។ លោកស្រីបន្តថា អាមេរិកនៅតែបន្តការប្ដេជ្ញាចិត្តក្នុងការគោរពឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា។ ប៉ុន្តែទន្ទឹមគ្នានេះអាមេរិក ជំរុញឱ្យកម្ពុជាបង្ហាញពីវិធានការប្រកបដោយអត្ថន័យ ដើម្បីកាត់បន្ថយឥទ្ធិពលរបស់កងកម្លាំងយោធាចិននៅកម្ពុជា។ កងកម្លាំងយោធាចិននៅកម្ពុជា ដែលអាម៉េរិកចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខតំបន់និងពិភពលោក។

ក្នុងជំនួបសវនាការ រវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ លោក Derek Chollet ទីប្រឹក្សានៃក្រសួងការបរទេសសហរដ្ឋអាមេរិកមកកម្ពុជា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ លោក Derek Chollet បានអះអាងជាថ្មីថាអាស៊ាន គឺជាចំណុចស្នូលសម្រាប់គោលនយោបាយការបរទេស របស់សហរដ្ឋអាម៉េរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងរំពឹងដល់ការធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងនាមជាប្រធាន អាស៊ាន ឆ្នាំ២០២២។

ចំពោះប្រទេសកម្ពុជាវិញ អាទិភាពរបស់ខ្លួនក្នុងទំនាក់ទំនងទ្វេភាគីជាមួយសហរដ្ឋអាមេរិក គឺដើម្បីផលប្រយោជន៍សេដ្ឋកិច្ច គឺដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិ និងការកាត់បន្ថយភាពក្រីក្រ តាមរយៈជំនួយសហរដ្ឋអាមេរិក ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព និងស្ថិរភាពតំបន់។ ចំណែកគោលដៅ នៃគោលនយោបាយការបរទេសរបស់ប្រទេសកម្ពុជា គឺធ្វើយ៉ាងណា ដើម្បីឱ្យខ្លួនអាចរស់ក្នុងនាមជាប្រជាជាតិ និងជារដ្ឋអធិបតេយ្យមួយតាមមធ្យោបាយដែលអាចធ្វើទៅបាន។ កម្ពុជាមិនរើសអើងថា ជាលោកសេរី ឬលោកកុម្មុយនីស្តនោះឡើយ។ គោលដៅនៃគោលនយោបាយការបរទេសរបស់ប្រទេសកម្ពុជា គឺដើម្បីសន្តិភាព ស្ថិរភាព មិត្តភាព វិបុលភាព ការអភិវឌ្ឍ និងកិត្យានុភាពជាតិ។

យើងសង្កេតឃើញថា កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខរបស់កម្ពុជា ជាមួយ ប្រទេសចិន និងសហរដ្ឋអាម៉េរិក នាពេលនេះ គឺកំពុងស្ថិតនៅក្នុងបរិបទដែលស្មុគ្រស្មាញបំផុត ដែលម្ខាងជាប៉ូលសេរី និងម្ខាងទៀតប៉ូលកុម្មុយនីស្ត។ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចទាំងពីរ អាចជាលាភផង និងគ្រោះផងសម្រាប់កម្ពុជា។

ជាសរុបមក ក្នុងបរិបទនៃការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាចទាំងពីរ គឺប្រទេសចិន និងសហរដ្ឋអាមេរិក បើទោះបីជាប្រទេសកម្ពុជា ទទួលរងការដាក់សម្ពាធខ្លះពីសហរដ្ឋអាមេរិក និងទទួលបានការគំទ្រខ្លះពីសំណាក់ប្រទេសចិនក្តី គឺប្រទេសទាំងពីរសុទ្ធតែបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍដល់ប្រទេសកម្ពុជា គ្រាន់តែដោយប្រើប្រាស់ មធ្យោបាយ និងយុទ្ធសាស្ត្រផ្សេងគ្នាប៉ុណ្ណោះ។

ទោះបីមានចំណុចលើសនិងខ្វះ តែសុទ្ធតែជួយបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីជួយឱ្យប្រទេសកម្ពុជាអាចរក្សាបានលំនឹង និងភាពធនរបស់ខ្លួនទាំង ក្នុងតំបន់ និងលើឆាកអន្តរជាតិ ដូច្នេះ ប្រទេសកម្ពុជាចាំបាច់ត្រូវរកមធ្យោបាយ ធ្វើយ៉ាងណាឱ្យមាន តុល្យភាព នៃទំនាក់ទំនង រវាងមហាអំណាចទាំងពីរ ដើម្បីទទួលបាននូវផលប្រយោជន៍ជាអតិបរិមា លើវិស័យ នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងការទូត និងរក្សាឱ្យបាននូវភាពអព្យាក្រឹតរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រង់មាត្រា៥៣ ដែលកំណត់ថា «ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជា រួមរស់ដោយ សន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀត ទាំងអស់នៅលើសកលលោក»

ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា