(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នង ការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន៧លើក ក្នុងនោះយប់៣លើក បណ្តាលអោយមនុស្សស្លាប់៣នាក់ (ស្រី១នាក់) រងរបួសធ្ងន់៦នាក់ (ស្រី៣នាក់) និងរបួសស្រាល២នាក់ (ស្រី១នាក់) ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ១៣គ្រឿង រួមមាន ម៉ូតូចំនួន៩គ្រឿង, រថយន្តធុនតូច ៣គ្រឿង, រថយន្តធុនធំ១គ្រឿង ហើយ មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្មើសល្បឿន៣លើក ស្រវឹង២លើក មិនប្រកាន់ស្តាំ១លើក ,បត់គ្រោះថ្នាក់១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍ ចំនួន១០នាក់ (យប់៤នាក់)។
ដោយឡែកលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ឃើញថាមធ្យោបាយល្មើស ចំនួន៤,០៦៤គ្រឿង , ធ្វើការអប់រំ ចំនួន១,៥៩៥ គ្រឿង , និងពិន័យ ចំនួន២,៤៦៩គ្រឿង ៕