(ភ្នំពេញ)៖ លោក​ កឹម​ សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ មិន​ចូល​ខ្លួន​តាម​ដីកា​កោះ​របស់​តុលាការ​ ពាក់ព័ន្ធ​បណ្តឹង​កញ្ញា​ ធី​ សុវណ្ណ​ថា​ ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​ នោះទេ​។ មន្ត្រី​តុលាការ​ថ្លែង​ថា​ ទោះ​បី​ លោក​ កឹម​ សុខា​មិន​ចូល​ខ្លួន​ ក៏​តុលាការ​បន្ត​នីតិវិធី​ទៅ​មុខ​ដែរ​។

លោក​ព្រះ​រាជ​អាជ្ញា​រង​ លី​ សុផាណា​ និង​ ជា​អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ថ្លែង​ថា​ ការចូលឆ្លើយ ឬមិនចូលឆ្លើយជា ការសម្រេចរបស់សាម៉ីខ្លួន ហើយយើងនឹងមានចំ​ណាត់​ការ​តាមផ្លូវច្បាប់ចំពោះបុគ្គលដែលមិនចូលឆ្លើយ តាមការកោះហៅ ឬរឹងទទឹងដែលកំណត់ តាមនិតិវិធីព្រហ្មទណ្ឌ។

សូមជំរាបថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ត្រូវបានតំណាងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ ដែលជាព្រះរាជអាជ្ញារង កោះហៅឱ្យចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនឹងបណ្តឹងបរិហាកេរ្តិ៍ កញ្ញា ធី សុវណ្ណថា។ ចំណែក លោក តុប វ៉ាន់ចាន់ និង លោក ពិន រតនា ក៏ត្រូវតុលាការកោះឱ្យចូលឆ្លើយបំភ្លឺ នៅថ្ងៃទី១៦ ខែឧសភា ខាងមុខនេះផងដែរ ពាក់ព័ន្ធនឹងសំណុំរឿង កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ ជាមួយគ្នានេះ តុលាការក៏បានចេញដីកាមួយផ្សេងទៀត ដើម្បីកោះហៅលោក កឹម សុខា ឱ្យចូលបំភ្លឺនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ផងដែរ ក្រោមបទចោទប្រកាន់ពីបទសញ្ចារកម្ម។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ថា លោក កឹម សុខា នឹងមិនចូលខ្លួន តាមការកោះហៅទាំង២លើកនេះនោះទេ។ ចំណែកតំណាងរាស្រ្ត២រូបទៀត ក៏មិនចូលបំភ្លឺដូចគ្នា៕